(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២ទៀត សរុបទុនវិនិយោគជិត១០លានដុល្លារ។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
* ទី១៖ ក្រុមហ៊ុន CAMBODIAN WUXI JIN MAO GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៥.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៩៧៤នាក់។
* ទី២៖ ក្រុមហ៊ុន MULTIWIN TEXTILE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតថង់យួរគ្រប់ប្រភេទ (ការពារបរិស្ថាន) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៤.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០១៣នាក់៕