(ភ្នំពេញ)៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានធ្វើការកម្ទេចទូហ្គមបាញ់ត្រី ក្រោយពីការបង្រ្កាប និងចាប់ដកហូត បានពីតាមបណ្ដាទីតាំងនានា នៅក្នុងភូមិសាស្រ្ត ខណ្ឌរបស់ខ្លួន ក្នុងរយៈពលកន្លងមកនេះ។
ពិធីនេះ បានប្រព្រឹត្តទៅនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅចំណុចដីវាល ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំ ដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ។
ក្នុងនោះ ក៏មានការចូលរួមពី មន្រ្តីសាលាខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការនគរបាលខណ្ឌ អាជ្ញាធរសង្កាត់កាកាបទី២ និងមន្រ្តីនគរបាលប៉ុស្តិ៍កាកាបទី២ ព្រមទាំងកម្លាំងសណ្ដាប់ធ្នាប់ សាលាខណ្ឌពោធិ៍សែនជ័យផងដែរ។
តាមមន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ទូហ្គេមដែលត្រូវកម្ទេចចោលនាពេលនោះ មានចំនួន៧ទូ រួមជាមួយកុំព្យូទ័រ និងសម្ភារពាក់ព័ន្ធ ក្នុងការបម្រើ ឲ្យសកម្មភាពល្បែងហ្គេម ដែលកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ បង្រ្កាប និងដកហូតបាន ក្នុងរយៈពេល១ឆ្នាំ ២០១៩កន្លងមកនេះ ហើយរក្សាទុក នៅក្នុងសាលាខណ្ឌ១ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ទើបប្រមូលយកទៅធ្វើការកម្ទេចចោលតែម្ដង។
លោក ហែម ដារិទ្ធិ បានលើកឡើងថា សម្ភារសំខាន់ពាក់ព័ន្ធ និងទូហ្គេមនេះដែរ របស់ណាដែលអាចប្រើបាន លោកបានដកទុកសម្រាប់ ប្រើប្រាស់បម្រើការងារ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន និងក្នុងអង្គភាព ហើយនេះ គឺជាការខិតខំរបស់អាជ្ញាធរ ក្នុងការទប់ស្កាត់ និងលុបបំបាត់ល្បែស៊ីសង។
ទន្ទឹមនឹងនេះ លោកក៏បានបានណែនាំ សុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ការពារនូវវីរុសកូវីដ-១៩ទាំងអស់គ្នា តាមរយៈការលាងដៃ និងសាប៊ូ ឬអាល់កុល តាមការណែនារបស់ក្រសួងសុខាភិបាល៕