(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងអង្គរក្ស ដឹកនាំដោយនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានទទួលការឧបត្ថម្ភសាប៊ូ និងសម្ភារៈការពារកូវីដ១៩ ពីសប្បុរសជនមួយចំនួន និងក្រុមហ៊ុនអាយឌាលត្រេឌីងអេនធើប្រាយ។
អំណោយនេះ ត្រូវបានដឹកនាំប្រគល់ជូនដោយ លោក ស្រេង វង្សហៀង ទីប្រឹក្សារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងនោះ មានសាប៊ូចំនួន៥៤០០ដុំ និងសម្ភារៈការពារនូវមេរោគកូវិដ១៩ជាច្រើន។
ថ្លែងបន្ទាប់ពីធ្វើកិច្ចទទួលនូវសម្ភារៈបរិក្ខាទាំងនោះ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស បានលើកឡើងថា សាប៊ូ និងសម្ភារៈ ដែលសប្បុរសជន និងក្រុមហ៊ុន ឧបត្ថម្ភជូននេះនឹងចាប់ផ្តើមចែកជូនមន្រ្តីដែលកំពុងបម្រើការនៅទីបញ្ជាការដ្ឋានកងអង្គរក្សនេះតែម្តង។
នាយឧត្តមសេនីយ៍ បានថ្លែងបន្តទៀតថា ថ្វីដ្បិតតែសម្ភារៈទាំងនេះមិនទាន់គ្រប់ តម្រូវការក៏ពិតមែន ប៉ុន្តែវាជាទឹកចិត្តដ៏ល្អរបស់ក្រុមហ៊ុន និងសប្បុរសជន ដែលពួកគេបានផ្តល់ឲ្យ ហើយនឹងយកសម្ភារៈទាំងនេះទៅចែកជូនកងកម្លាំង គ្រប់កន្លែងទាំងអស់ ដើម្បីប្រើប្រាស់សម្រាប់កិច្ចការពារ និងទប់ស្កាត់ នូវមេរោគកូវិដ១៩ ដែលប្រទេសកម្ពុជា កំពុងបន្តរីករាលដាលនោះ។
លោកស្រេង វង្សហៀង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា សម្ភារៈដែលលោក បានរៃអង្គាសពីសប្បុរសធម៌នានា ជាពិសេសក្រុមហ៊ុនខាងលើនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និងទប់ស្កាត់នូវមេរោគកូវិដ១៩ ដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែប្រឈមនោះ។
លោកបានបន្តទៀតថា លោកនឹងខិតខំរៃអង្គាស់ពីសប្បុរសធម៌នានា ទៀតដើម្បីបន្តជួយដល់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីបញ្ជាការដ្ឋានកងអង្គរក្ស ហើយការជួយនេះនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះផងដែរ៕