(ភ្នំពេញ)៖ ក្រោយពីការប្រកាសប្រើជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ទទួលបានការគាំទ្រ (Like) យ៉ាងខ្លាំង និងកើនឡើងយ៉ាងឆាប់រហ័ស។ រយៈពេលជិត ៥ខែ គិតត្រឹមយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ ចំនួនអ្នកគាំទ្រទំព័រ Facebook របស់សម្តេចតេជោ មានរហូតដល់ទៅ ១,៨ លាននាក់។
ទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថា មានអ្នកចូលចុច Like គ្រប់វិនាទី ពោលរាល់ការ Refresh Page តែងឃើញមានចំនួនអ្នកចុច Like កើនឡើងជានិច្ច។
នៅកម្ពុជា Facebook បានក្លាយទៅជាមជ្ឈមណ្ឌលចែកចាយព័ត៌មានមួយដ៏ធំ ទាំងរឿងផ្ទាល់ខ្លួន រឿងសាធារណៈ រឿងអយុត្តិធម៌ សង្គម បូករួមទាំងបញ្ហាផ្សេងៗជាច្រើនទៀត ដែលកើតមានប្រចាំថ្ងៃនៅកម្ពុជា ភាគច្រើនត្រូវបានគេរំលេចឡើងលើទំព័រ Facebook។
ការចេញមកប្រកាសប្រើជាផ្លូវការនូវទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន គឺជាសារមួយបង្ហាញពីការបើកទូលាយ នៃសិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋកម្ពុជា ហើយក៏ជាការបង្ហាញឲ្យឃើញពីការបង្កើននូវការយកចិត្ត ទុកដាក់បន្ថែមមួយ កម្រិតទៀត របស់នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយប្រជាពលរដ្ឋរបស់ខ្លួន។
ក្នុងរយៈពេលជិត ៥ខែ នៃការបង្ហាញអត្តសញ្ញាណ Facebook ជាផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញភាពស្និទ្ធស្នាល យ៉ាងខ្លាំងជាមួយប្រជាពលរដ្ឋ សម្តេចតែងបានបង្ហាញសមិទ្ធផល ភាពរីកចម្រើនរបស់ប្រទេសជាតិ សកម្មភាពការងារបម្រើប្រទេស ជាតិទាំងក្នុង និងក្រៅប្រទេស។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានបង្ហាញសកម្មភាពពីជីវិតឯកជនរបស់សម្តេច ឲ្យប្រជាពលរដ្ឋខ្មែរបានដឹង បានឃើញផងដែរ។
តាមរយៈទំព័រ Facebook នេះ នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីប្រជាពលរដ្ឋ ហើយសម្តេច ក៏បានឆ្លើយតប ភ្លាមៗ ទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងមួយរយៈចុងក្រោយនេះ តាមរយៈទំព័រ Facebook សម្តេចទទួលបានកង្វល់របស់ ប្រជាពលរដ្ឋជាច្រើន ដូចជាការយកថ្លៃសេវាប្រើប្រាស់ផ្លូវវេងស្រេង ផ្លូវជាតិលេខ៤ ផលលំបាក នៃការធ្វើប័ណ្ណបើកបរម៉ូតូជាដើម។
កង្វល់ទាំងអស់នេះ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា ដែលតែងយកភាពសប្បាយរីករាយ និងទុក្ខលំបាកភ្ជាប់ជាមួយប្រជាពលរដ្ឋនេះ បាន ធ្វើការវះកាត់ភ្លាមៗ ដោយសម្រេចលុបចោលការយកសេវាលើផ្លូវវេងស្រេង លុបចោលការយកសេវាសម្រាប់អ្នករស់នៅអមសងខាង ផ្លូវជាតិលេខ៤ និង លុបចោលការធ្វើប័ណ្ណបើកបរម៉ូតូជូនប្រជាពលរដ្ឋផងដែរ។
តាមរយៈទំព័រ Facebook នេះ គេមើលឃើញថា ជួយបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងប្រមុខដឹកនាំចង្កូតនាវាកម្ពុជា ជាមួយ ប្រជាពលរដ្ឋ ដោយអាចឆ្លើយឆ្លង និង អាចចែករំលែកភាពសប្បាយ ទុក្ខកង្វល់ ក៏ដូចជាផលលំបាកនានា នៅគ្រប់ទីកន្លែង និងគ្រប់ ពេលវេលាទាំងអស់។
មានអ្នករង់ចាំមើលថា តើចំនួនអ្នកចុច Like លើទំព័រ Facebook របស់នាយករដ្ឋមន្រ្តីកម្ពុជា អាចរត់ទាន់ និង អាចយកឈ្នះទំព័រ Facebook របស់លោក សម រង្ស៊ី ប្រធានបក្សប្រឆាំងដែរឬទេ? ត្បិតទំព័រ Facebook របស់លោក សម រង្ស៊ី បានប្រកាសបង្ហាញសាធា រណជនជាផ្លូវការ មុនទំព័រ Facebook របស់សម្តេចតេជោ។
មានអ្នកប្រមើមើលឃើញថា ចំនួនអ្នកចុច Like លើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន អាចនឹងរត់ទាន់ ហើយអាចយក ឈ្នះចំនួនអ្នកចុច Like នៅលើទំព័រ Facebook របស់លោក សម រង្ស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ។ ការប្រមើមើលឃើញដូច្នេះ ដោយ សារសន្ទុះ នៃអ្នកចុច Like លើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្ន កំពុងកើនឡើងខ្លាំងជាងទំព័រ Face book របស់លោក សម រង្ស៊ី។
កាលពីទើបប្រកាសប្រើជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០១៥ គេសង្កេតឃើញថា គម្លាត នៃការចុច Like ទំព័រ Facebook របស់សម្តេច តេជោ ហ៊ុន សែន និងលោក សម រង្ស៊ី មានគម្លាតគ្នាយ៉ាងខ្លាំង ពោលមានគម្លាតពីគ្នារហូតដល់ជាងកន្លះលាននាក់។ តែបច្ចុប្បន្ននេះ គម្លាតរវាងនៃការចុច Like នេះ មានត្រឹមតែជាង ២០ម៉ឺននាក់ប៉ុណ្ណោះ ពោល Facebook សម្តេចតេជោ មានអ្នកចុច Like ប្រមាណ ១,៨លាននាក់ រីឯរបស់លោក សម រង្ស៊ី មានប្រមាណ ២លាននាក់។
សូមជំរាបថា នាពេលកន្លងទៅ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្រូវបានក្រុមហ៊ុនទំនាក់ ទំនងសង្គម Facebook ផ្តល់និងឲ្យចំណាត់ថ្នាក់ Top 10 នៃ Facebook Pages របស់មេដឹកនាំលើពិភពលោក ដែលមានសកម្មភាព រស់រវើក នឹងមានអ្នកចូលមើល និងចុច Like, comment និង Share ច្រើនជាងគេ។ នេះបើយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុន Facebook ៕