(ភ្នំពេញ)៖ នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងថា គិតចាប់ពីខែមករា មកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ អ្នកមកពិគ្រោះយោបល់សង្ស័យខ្លួនមានជំងឺកូវីដ១៩ ចំនួន៣,០៣៥នាក់ និងអ្នកធ្វើតេស្ដរកមេរោគកូវីដ១៩ ចំនួន១,៩៨៣នាក់ ក្នុងនោះអ្នកវិជ្ជមានជំងឺកូវីត១៩ ចំនួន១៩នាក់ ហើយជាសះស្បើយចំនួន១៦នាក់។
លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «គិតត្រឹមថ្ងៃនេះ អ្នកជំងឺកូវីដ១៩ មានចំនួន០៣នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដោយអ្នកជាសះស្បើយសរុប១៦នាក់ ត្រូវបានត្រលប់ទៅគេហដ្ឋានរបស់ខ្លួនវិញហើយ»។
ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ១៩ ទំាង០៣នាក់ មានជនជាតិចិនចំនួន២នាក់ និងខ្មែរម្នាក់ ហើយមានសុខភាពល្អធម្មតា ក្នុងនោះមានអ្នកវិជ្ជមានម្នាក់ បានធ្វើតេស្ដរកមេរោគកូវីដ១៩ លើកទី១ អវិជ្ជមាន។ ដូច្នេះឆាប់ៗនេះនឹងមានអ្នកជាសះស្បើយម្នាក់ទៀតហើយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកជាសះស្បើយកើនឡើងដល់៩៨នាក់ហើយ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹម២៤នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕