(កណ្តាល)៖ កម្លាំងនគរបាលស្រុកកោះធំ បានតាមចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មតាមមូលដ្ឋាន នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅរោងចញ្ចឹមជ្រូក ភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ដោយដកហូតថ្នាំមួយកញ្ចប់ធំ ព្រមទាំងឧបករណ៍មួយចំនួនទៀត។
អធិការ នគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន ដែលដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ ស្ទើតែអត់ បានហូបបាយទៀតនោះ បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ តែងតែធ្វើសកម្មភាព ចែកចាយនិងប្រើប្រាស់គ្រឿងញៀនជាញឹកញាប់ តាមមូលដ្ឋានដោយគ្មានញញើតនឹងច្បាប់នោះឡើយ។
ទើបតែនៅពេលនេះ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ និងធ្វើការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន រួចមកកម្លាំងនគរបាលរបស់លោក បានចុះទៅបង្ក្រាប និងចាប់ខ្លួនតែម្តង។ បើតាមលោកអធិការ ជនសង្ស័យទី១ឈ្មោះ ម៉ាក កៃភូ អាយុ២៥ ឆ្នាំ ទី២ឈ្មោះ ឌុល ស៊ីថេត ហៅយួន អាយុ១៩ឆ្នាំ ទី៣ឈ្មោះ ហេង សុងលី ហៅអាព្រលឹង អាយុ២៥ឆ្នាំ ទី៤ឈ្មោះ គឹម ហ៊ង ហៅបារាំង អាយុ២៧ឆ្នាំ រត់គេចខ្លួន និងទី៥ឈ្មោះ ឃុន តេង អាយុ២៤ឆ្នាំរត់គេចខ្លួន ដែលជនសង្ស័យទាំង៥នាក់ រស់នៅក្នុង ភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា នៅរសៀលថ្ងៃទី ០៨ខែមករា ឆ្នាំ២០១៦ កម្លាំងនគរបាល អធិការដ្ឋាន បានទទួលព័ត៌មានពីកម្លាំងសម្ងាត់មូលដ្ឋានថា ចំណុចរោងជ្រូកទីតាំងកើតហេតុខាងលើ ឧស្សាហ៍មានការលួចចែកចាយគ្រឿងញៀនទាំងថ្ងៃទាំងយប់ ពេលនោះ កម្លាំង ក៏ចុះទៅឡោមព័ន្ធទីតាំងនេះ រហូតឈានទៅឃាត់បានជនសង្ស័យចំនួន០៣នាក់ និងរត់គេចខ្លួន០២នាក់ ព្រមទាំងរឹបអូសបានថ្នាំញៀន និង សម្ភារៈជក់ថ្នាំញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានមន្រ្តីនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន កំពុងសាកសួរតាមនីតិវិធីច្បាប់។
អធិការនគរបាលស្រុកកោះធំ បានប្តេជ្ញានឹងធ្វើការបង្ក្រាបជាបន្តបន្ទាប់ ចំពោះករណី គ្រឿងញៀននៅតាមមូលដ្ឋានកាន់តែខ្លាំងឡើង ពីព្រោះបញ្ហាមួយនេះ បានធ្វើឲ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលតែម្តង៕