(ភ្នំពេញ)៖ ប្រទេសជាច្រើននៅលើពិភពលោក កំពុងតែប្រឈមជាមួយនឹងការវាយប្រហារដោយជំងឺ COVID-19 ដែលនាំឲ្យសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ហាក់មានការធ្លាក់ចុះជាបន្ដបន្ទាប់ ពិសេសពាក់ព័ន្ធវិស័យទេសចរណ៍ និងអាកាសចរណ៍តែម្ដង ដែលអាចនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារឥទ្ធិពលជំងឺមួយនេះ។
ក្រៅពីបរទេស ប្រទេសកម្ពុជាក៏កំពុងតែប្រឈម ជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះផងដែរ រហូតរាជរដ្ឋាភិបាលចេញវិធានការជាបន្ដបន្ទាប់ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺនេះ។ ទន្ទឹមនឹងវិធានការនេះ សេដ្ឋកិច្ចរបស់កម្ពុជាក៏ជួបប្រទះផលប៉ះពាល់ដូចគ្នា ក្នុងនោះមានទាំងវិស័យទេសចរណ៍ និងអាកាសចរណ៍ ព្រោះតែប្រទេសផ្សេងៗ បិទមិនឲ្យមានការហោះហើរនោះឡើយ។
រហូតមកដល់ពេលនេះ ផលប៉ះពាល់ដល់វិស័យអាកាសចរនៅប្រទេសកម្ពុជា ហាក់មានការធ្ងន់ធ្ងរបន្ដិច ដោយសារតែ COVID-19 ក្នុងនោះយន្ដហោះថ្ងៃខ្លះ ស្ទើរតែគ្មានជើងហោះហើរចេញពីកម្ពុជា ឬចូលកម្ពុជាតែម្ដង។ ប៉ុន្ដែចំពោះការដឹកទំនិញវិញ គឺមានផលប៉ះពាល់បន្ដិចបន្ទួចប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន បានបង្វែរទៅដឹកទំនិញវិញ។
នេះបើតាមការឲ្យដឹងពី លោក ស៉ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល» នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលរូបនេះ បានអះអាងទៀតថា រយៈពេល៤ខែ ឆ្នាំ២០២០នេះ ជើងយន្ដហោះរបស់កម្ពុជាទាំងចេញ និងចូល គឺមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយរហូតមកដល់ពាក់កណ្ដាលខែមេសានេះ ធ្លាក់ចុះរហូតដល់ជាង៩០ភាគរយ ហើយថ្ងៃខ្លះស្ទើរតែគ្មានជើងហោះហើរតែម្ដង។
លោក ស៉ីន ចាន់សិរីវុត្ថា បានថ្លែងយ៉ាងដូច្នេះថា «តាមស្ថិតិបានបង្ហាញដោយឃើញថា នៅក្នុងខែមករា ពេលទើបផ្ទុះឡើងជំងឺ COVID-19 ថយចុះភ្ញៀវជាមធ្យមប្រហែល២០ភាគរយ, ខែកុម្ភៈ ដោយសារមានវិធានការណ៍ពីប្រទេសផ្សេងៗ បិទជើងហោះហើរផង ចុះជាង៥០ភាគរយ, ខែមីនា ចុះជាង៧០ភាគរយ រហូតដល់ខែមេសាប៉ុន្មានថ្ងៃនេះ ចុះជាង៩០ភាគរយសឹងតែ១០០ភាគរយ»។
ដោយឡែក ចំពោះទំហំនៃការខាតបង់គិតជាទឹកប្រាក់វិញ លោកមិនទាន់អាចបញ្ជាក់បានឡើយទេ ព្រោះស្ថាប័នពាក់ព័ន្ធកំពុងតែធ្វើការសិក្សារួមគ្នា។
ដោយមើលឃើញពីផលប៉ះពាល់ជាសកលនេះ លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមសម្រួលផ្នែកពន្ធដារ ជួយដល់វិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺ COVID-19។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យអាកាសចរណ៍ ត្រូវបានលើកលែងការបង់ពន្ធអប្បបរមា ចំនួន១០ភាគរយ សម្រាប់រយៈពេល៣ខែ ចាប់ពីខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២០ ដែលក្នុងរយៈពេលនេះ គ្មានការតម្រូវឲ្យបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនោះទេ។
បើទោះបី COVID-19 វាយប្រហារដល់ចំណូល ក្នុងវិស័យអាកាសចរណ៍កម្ពុជាក៏ពិតមែន ប៉ុន្ដែដំណើរការសាងសង់ព្រលានយន្ដហោះថ្មី នៅខេត្តកណ្ដាល និងខេត្តសៀមរាបវិញ មានផលប៉ះពាល់បន្ដិចបន្ដួចប៉ុណ្ណោះ ពោលរហូតមកដល់ពេលនេះ នៅតែដំណើរការធម្មតាគ្រាន់ តែស្ទះដោយផ្នែកប៉ុណ្ណោះ។ ព្រលានយន្ដហោះថ្មីនៅខេត្តកណ្ដាល ដំណើរការបាន៣០ភាគរយហើយ ដោយឡែកខេត្ដសៀមរាប ក៏ដំណើរការតាមការគ្រោងទុកផងដែរ។
ជាមួយគ្នានេះ លោកបានបញ្ជាក់អំពីគម្រោងព្រលានយន្ដហោះថ្មីមួយ នៅខេត្តមណ្ឌលគិរី គឺគ្រាន់តែជាគម្រោងនៅឡើយ ពោលអ្នកជំនាញកំពុងតែសិក្សារួមគ្នា ដោយការសិក្សានេះត្រូវប្រើប្រាស់ពេល១មួយឆ្នាំ ដូច្នេះមិនទាន់អាចវាយតម្លៃបានទេថា តើដំណើរការសាងសង់នឹងចាប់ផ្ដើមនៅពេលណា? ចំពោះតម្លៃវិញ ប្រមាណ៦០លានដុល្លារ លើផ្ទះដីជាង៣០០ហិចតា៕