(សៀមរាប)៖ ប្រាសាទព្រៃប្រាសាទ ឬប្រាសាទតាអួន ជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង ១០២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលកសាងឡើងនៅចុងសតវត្សរ៍ទី១២។ ប្រាសាទនេះកសាងតាមទម្រង់រចនាប័ទ្មបាយ័ន្ត ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន និងស្ថិតនៅចម្ងាយប្រមាណ ៨០០ម៉ែត្រ ពីជ្រុងពាយ័ព្យនៃកំពែងអង្គរធំ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្ន រចនាសម្ពន្ធប្រាសាទរងការខូចខាតយ៉ាងដំណំដោយសារកត្តាអាយុកាល អាកាសធាតុ និងមនុស្ស ដែលតម្រូវឱ្យមានការជួសជុលឱ្យបានទាន់ពេលវេលា ពោលគឺប្រាសាទនេះពុំធ្លាប់ទទួលការជួសជុលនៅឡើយ។
កញ្ញា គាន បញ្ញាវន្តី ស្ថាបត្យករនៃគម្រោងជួសជុលប្រាសាទតាអួន របស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឱ្យដឹងថា ប្រាសាទកំពុងប្រឈមនឹងហានីភ័យខ្ពស់។ កត្តាចម្បងដែលធ្វើឱ្យប្រាសាទទទួលរងការខូចខាតគឺបង្កដោយមនុស្ស។ ដើម្បីសង្គ្រោះប្រាសាទឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាបានបើកការដ្ឋានជួសជុល និងរើថ្មនៅច្រកចូលខាងកើត។
កញ្ញា បញ្ញាវន្តី បានបន្តថា ក្រុមការងាបានបញ្ចប់ការងារសម្រង់ប្លង់ប្រាសាទ ថតរូប និងចងក្រងឯកសាររួចហើយ។ ចំណែកកិច្ចការបន្ទាប់ គឺរើថ្មដែលក្រៀកនៅផ្នែកខាងកើតចេញ ដើម្បីជួសជុល និងពង្រឹងឡើងវិញ រួចធ្វើកំណាយស្រាវជ្រាវដើម្បីសិក្សាគ្រឹះ បង្ហាប់គ្រឹះ បន្ទាប់មករៀបចំផ្គុំថ្មទាំងនោះចូលទីតាំងដើម។
ចុងក្រោយបំផុត ក្រុមការងារនឹងសិក្សាលើចំណុចហានីភ័យនៅជ្រុងផ្សេងៗទៀត ដើម្បីទល់ទ្របន្ទាន់ ឬរុញថ្មនៅផ្នែកខ្លះចូលទីតាំងដើមវិញដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយហានីភ័យរបស់ប្រាសាទ។
អាជ្ញាធរជាតិអប្សរាបានថ្លែងអរគុណចំពោះប្រជាជនរស់នៅជិតប្រាសាទ អាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមសហការសម្របសម្រួលគ្រប់ឧបសគ្គ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារដំណើរការជួសជុល លើកតម្លៃប្រាសាទតាអួនទុកជាសម្បត្តិរបស់ខ្មែរគ្រប់ៗរូប៕