(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯកបណ្ឌិត អ៊ុក កោសា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ព្រទាំងនាយទាហាន ក្រោមឱវាទចំនួន១១១រូប នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលសរុបជាថវិកាចំនួន ៣៨,៥៥០,០០០រៀល។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
រហូតមកដល់ពេលនេះ មានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា តុលាការ រួមទាំងក្រសួង ស្ថាប័ន និងអង្គភាពជាច្រើនទៀត បានចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍រៀងៗខ្លួនជាបន្តបន្ទាប់ ដើម្បីរួមគ្នាជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាលកាន់តែច្រើនឡើង៕