(កណ្តាល)៖ កម្លាំងនគរបាលស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ចុះចាប់ជនជាតិវៀតណាមចំនួន១៨នាក់ ដែលធ្វើ សកម្មភាព ដើរលក់ឆ្នោតសន្លឹកពេញទឹកពេញដី ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
អធិការនគរបាល ស្រុកកោះធំ លោក ឈឿន ប៊ុនឆន បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃនេះថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋរអ៊ូរទាំ និងទូរស័ព្ទមកប្តឹងមន្រ្តីនគរបាលរបស់លោក ក្រោយពេលឃើញ ជនជាតិវៀតណាម ជាច្រើននាក់ បានដើរលក់ឆ្នោតជាតិ (ឆ្នោតសន្លឹក តម្លៃជាង២០០០ រៀល) នៅក្នុងផ្សារកោះធំ និងខ្លះធ្វើដំណើរបន្តទៅលក់នៅភ្នំពេញនោះ ទើបនៅថ្ងៃទី៨ ខែមករានេះ កម្លាំងនគរបាលរបស់លោក បានល្បាតត្រួតពិនិត្យ រហូតឈានទៅឃាត់ខ្លួន ជនជាតិវៀតណាមទាំងនេះជាបន្តបន្ទាប់ខណៈ ខ្លះទៀតកំពុង ធ្វើដំណើរទៅលក់ នៅភ្នំពេញសរុប១៨នាក់ ក្នុងនោះស្រី០៣នាក់ ឆ្លងដែនខុសច្បាប់ ០៨នាក់)។
លោកអធិការបានបញ្ជាក់ថា ក្រោយចាប់ខ្លួនកម្លាំងរបស់លោក បានរឹបអូសយក វត្ថុតាងរួមមាន សន្លឹកឆ្នោតវៀតណាមចំនួនសរុប ២.២៥០សន្លឹក, ទូរស័ព្ទចល័ត ០៦គ្រឿង និងថវិកាចំនួនសរុប៦៥០.០០០ដុងវៀតណាម។ បច្ចុប្បន្ន ជនសង្ស័យទាំងនេះ ត្រូវបានសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តទៀតតាមនីតិវិធី៕