(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ថា បច្ចុប្បន្ននេះមិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកណាមួយរបស់កម្ពុជា ប្រកាសក្ស័យធនដោយសារកូវីដ១៩ឡើយ។
ការលើកឡើងបែបនេះ របស់លោកអគ្គនាយករងបច្ចេកទេស ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល» ដែលរៀបចំឡើងដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា នៅក្នុងប្រទេសកម្ពុជា យោងតាមស្ថិតិបានឲ្យដឹងថា បន្ទាប់ពីកើតមានជំងឺកូវីដ១៩នេះ ក្នុងខែមករាឆ្នាំ២០២០ ភ្ញៀវមានការថយចុះជាមធ្យមប្រមាណ២០ភាគរយ, ចំពោះខែកុម្ភៈមានការថយចុះប្រមាណ៥០ភាគរយ, នៅក្នុងខែមីនា ថយចុះជាង៧០ភាគរយ ហើយចំពោះខែមេសានេះមានការថយចុះ រហូតដល់ជាង៩០ភាគរយ គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ។
លោកបានបន្ដថា ជាការពិតក្រុមហ៊ុនអាកាសចរនៅកម្ពុជា អាចប្រឈមនឹងការបិទទ្វារ ដោយសារតែបញ្ហានៃជំងឺកូវីដ១៩ ប៉ុន្ដែមិនមែនមានតែក្រុមហ៊ុននៅកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុននៅលើពិភពលោកជាច្រើន ក៏កំពុងជួបញ្ហានេះដូចគ្នា។ និយាយដោយឡែកចំពោះកម្ពុជា ក្រុមហ៊ុនអាកាសចរស៊ីវិលទាំងអស់ អាចទប់ទល់បានដោយសារតែមានការគាំទ្រ ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបានបន្ថែមថា «គិតរហូតមកដល់ថ្ងៃនេះ មិនមានក្រុមហ៊ុនណាមួយ ប្រកាសក្ស័យធននៅឡើយទេ ដោយសារតែរាជរដ្ឋាភិបាលបានដាក់ទិសដៅ ធ្វើអន្ដរាគមន៍ជួយដល់ក្រុមហ៊ុន អាកាសចរស៊ីវិលទាំង៦នៅកម្ពុជា គឺ ការផ្ដល់នូវការរួចពន្ធអប្បបរិមា១០ភាគរយ ក្នុងរយៈពេល៣ខែ, ការពន្យារពេលការបង់ប្រាក់សង់ត្រឡប់ទៅរដ្ឋជាដើម»។
លោក ស៊ីន ចាន់សិរីវុត្ថា ឲ្យដឹងទៀតថា ប្រសិនបើជំងឺកូវីដ១៩នេះនៅតែបន្ដ គឺច្បាស់ណាស់កម្ពុជា មានការខាតបង់ច្រើនមែនទែន ប៉ុន្ដែមិនអាចវាយតម្លៃបាននៅឡើយទេថា តើមានហេតុការណ៍អ្វីកើតឡើងនោះទេ? ព្រោះកុ្រមហ៊ុនអាកាសចរនីមួយៗតែងតែ មានយុទ្ធសាស្រ្ដផ្សេងៗគ្នាក្នុងការប្រកបអាជីវកម្ម៕