(ភ្នំពេញ)៖ កាន់តែអស្ចារ្យ និងងាយស្រួលជាងមុនទៅទៀត ជាពិសេសសម្រាប់អ្នករស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង អាចធ្វើការផ្ញើប្រាក់មកប្រទេសកម្ពុជា បានតាមរយៈធនាគារកូមីន ហើយអ្នកទទួលអាចដកតាមរយៈភ្នាក់ងារ និងការិយារបស់ អេ អឹម ខេ ទូទាំងប្រទេស បានយ៉ាងរហ័ស និងមានសុវត្ថិភាពខ្ពស់។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអ៊ិលស៊ី នៅរសៀលថ្ងៃទី១៥ មេសា ឆ្នាំ២០២០ បានលើកឡើង ក្នុងសេចក្តីប្រកាសព័តមានថា សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូង ដែលមានបំណងចង់ផ្ញើប្រាក់មកកម្ពុជា គ្រាដែលមិនអាចមកប្រទេសកំណើត ក្នុងស្ថានភាពជំងឺកូវីដ១៩ អស់បារម្ភ និងលែងជាបញ្ហាទៀតហើយ ដោយចាប់ពីថ្ងៃនេះតទៅ គឺអាចផ្ញើប្រាក់បាន តាមរយៈធនាគារកូមីន ដែលមានជាច្រើនសាខានៅប្រទេសកូរ៉េ។
គួរបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេ លើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនគិតត្រឹមខែមីនា ឆ្នាំ២០២០ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង៩៥ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង៣៥០លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង១៧០លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការ ចំនួន១៤៩កន្លែង និងមានភ្នាក់ងារជិត៦០០០កន្លែងនៅទូទាំងប្រទេស។
អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូន អតិថិជនដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រង ខ្នាតតូច ធនាគារចល័តសេវាបើកប្រាក់បៀវត្ស ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និងពិសេស គឺកម្មវិធីទូរស័ព្ទដៃ AMK Mobile App៕