(ភ្នំពេញ)៖ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ផលិតផលសម្អាត និងរក្សាអនាម័យ ម៉ាស ឧបករណ៍វាស់កម្តៅ និងថវិកាមួយចំនួនចែកជូនដល់យុវជន និងកុមារជាសមាជិក សិស្សានុសិស្ស និងបុគ្គលិកស្ម័គ្រចិត្តបម្រើការនៅអង្គការមូលនិធិកុមារ និងនិស្សិតកម្ពុជា។
ការនាំយកអំណោយ និងសម្ភារៈចែកជូនអ្នកបម្រើការខាងលើនេះ គឺសំដៅជួយកាត់បន្ថយការលំបាករបស់កុមារកំព្រា និងនិស្សិតកម្ពុជា ក្នុងស្ថានភាពនៃការរីករាលដាលជំងឺផ្លូវដង្ហើមថ្មី ដែលបណ្តាលមកពីវីរុសកូរ៉ូណា។
អំណោយនេះបានមកពីមូលនិធិសប្បុរសធម៌នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីជួយជនងាយរងគ្រោះក្នុងស្ថានការណ៍នៃការរាតត្បាតជំងឺផ្លូវដង្ហើមកូវីដ១៩ ដែលកំពុងយាយីដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល៕