(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូប ពេញមួយថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ បានចុះសួរសុខទុក្ខ និងនាំអំណោយលើកទឹកចិត្តដល់មន្ត្រី កម្មករនៅតាមការដ្ឋាននានា ដែលកំពុងបំពេញភារកិច្ច រៀងៗខ្លួន គោរពតាមបទបញ្ជារាជរដ្ឋាភិបាល ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោក សំ លាងទ្រី បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តគ្រប់ផ្នែកទាំងអស់ គឺមិនបានឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះទេ។
លោកបន្ដថា ផ្ទុយទៅវិញមន្ត្រី កម្មករទាំងអស់ គឺបំពេញការងារដូចធម្មតាតាមកន្លែងរៀងខ្លួន។ ជាក់ស្តែងនៅថ្ងៃនេះដែរ លោកបានដឹកនាំក្រុមការងារ បានចុះពិនិត្យការងារថែទាំផ្លូវថ្នល់ ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ និងផ្លូវជាតិលេខ៩២ ក្នុងភូមិសាស្ត្រ ឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរ លោកបាននាំនូវអំណោយមួយចំនួន យកទៅប្រគល់ជូនដល់ក្រុមការងារ តាមការដ្ឋានជាការលើកទឹកចិត្តផងដែរ។ លោក សំ លាងទ្រី ក៏បានថ្លែងនូវការកោតសរសើរ ដល់មន្ត្រីរាជការ បុគ្គលិក កម្មករទាំងអស់ ដែលបានគោរពបទបញ្ជារាជរដ្ឋាភិបាល នាំគ្នាធ្វើការធម្មតាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលករណីនេះ បានបង្ហាញឲ្យឃើញពីការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕