(កំពត)៖ ស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីបំភ្លឺមួយ ជុំវិញករណីឃាត់ខ្លួនអ្នកកាសែតម្នាក់ ឈ្មោះ ហង្ស សុភាព ភេទប្រុស អាយុ៤១ឆ្នាំ បម្រើការងារនៅ VD7, FK, NEWS, TV8 ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្តឹងបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រហូតបច្ចុប្បន្ន។

តាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា មូលហេតុឃាត់ខ្លួនពីព្រោះ លោក ហង្ស សុភាព ចុះផ្សាយម្ដងហើយម្ដងទៀត ករណីជាជនសង្ស័យកាប់ស្ត្រីមេម៉ាយក្រីក្រ និងកូនស្រី០២នាក់ នៅភូមិតាឡង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ជាជនដៃដល់ដែលជនរងគ្រោះស្គាល់ ត្រូវបានសមត្ថកិច្ចដោះលែងដោយ ពុំបានជូនដំណឹងទៅក្រុមគ្រួសារជនរងគ្រោះ។

ជននោះឈ្មោះ នាយ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ កំណើតនៅភូមិ២ សង្កាត់រកា ក្នុងក្រុងដូនកែវ ខេត្តតាកែវ បច្ចុប្បន្នមកយកប្រពន្ធ នៅភូមិ ព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ សមត្ថកិច្ច បានបញ្ជាក់ទៅលោក ហង្ស សុភាព ថា រឿងខាងលើ មិនពាក់ព័ន្ធនឹង នាយ សំណាង ទេ ជនល្មើសជាអ្នកផ្សេង ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ មិនគួរផ្សាយដោយពុំមានមូលដ្ឋានច្បាស់លាស់ ទេ ព្រោះប៉ះពាល់ដល់នីតិវិធីក្នុងការស៊ើបអង្កេត និងសិទ្ធិអ្នកដទៃ។

ហង្ស សុភារា មិនព្រមស្ដាប់ទេ នៅតែផ្សាយវាយប្រហារមកលើសមត្ថកិច្ចយ៉ាងចាស់ដៃ ថែមទាំង បានចុះសម្ភាសដល់ផ្ទះជនរងគ្រោះ ដោយបានតាំងសំណួរនាំមុខធ្វើយ៉ាងណាទម្លាក់កំហុសទៅលើឈ្មោះ នាយ សំណាង ។ មិនតែប៉ុណ្ណោះ គេបានទូរស័ព្ទផង និងសួរតាម Telegram ផង អំពីចំណាត់ការរបស់ នគរបាល ហាក់ដូចជារូបគេជាព្រះរាជអាជ្ញា ដឹកនាំការស៊ើបអង្កេតលើមន្ត្រីនគរបាលយុត្តិធម៌ និងញុះញង់ ជនរងគ្រោះឲ្យប្តឹងមកលើសមត្ថកិច្ច ព្រមទាំងឲ្យថ្នាក់ដឹកនាំ ដាក់វិន័យមកលើមន្ត្រីស៊ើបអង្កេត ឬប្រឈម នឹងអំពើពុករលួយតែម្ដង ជាពិសេសធ្វើឲ្យបាត់ជំនឿយ៉ាងធ្ងន់ធ្ងរពីមហាជនទូទៅ ចំពោះកងកម្លាំងនគរបាលជាតិ។

តាមពិតជនល្មើសពិតប្រាកដ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥៖៣០នាទី សមត្ថកិច្ចបានចាប់ខ្លួនហើយ ជននេះឈ្មោះ ផង សន ហៅ (ចយ) ភេទប្រុស កើតឆ្នាំ ២០០០ នៅភូមិតាឡង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរគ្មាន ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន។

ក្រោយចាប់ខ្លួនជនល្មើស ផង សន ហៅ (ចយ) បានសារភាពថា៖ នៅម៉ោងមួយយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ រូបខ្លួនពិតជាបានប្រព្រឹត្តមែន ព្រមទាំងរឹបអូស យកបានទូរស័ព្ទទាំង៣គ្រឿង ជារបស់ជនរងគ្រោះ ដែលផ្ទុយស្រឡះពីការចោទប្រកាន់ របស់ជនរងគ្រោះ និងអ្នកកាសែត ហង្ស សុភាព ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ហង្ស សុភាព ភេទប្រុស កើតឆ្នាំ១៩៧៩ លំនៅអចិន្ត្រៃយ៍ភូមិ ចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ជាអ្នកកាសែត VD7, FK NEWS, TV8 ដែលចុះផ្សាយ បង្កាច់បង្អួចកិត្តិយសសមត្ថកិច្ចយ៉ាងចាស់ដៃ គឺជាការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលមាន ចែងក្នុងមាត្រា៤៩៥ និងបវិហារបង្កាច់កេរ្តិ៍ ដែលមានចែងក្នុងមាត្រា៣១១ នៃក្រមព្រហ្មទណ្ឌ។ ដូច្នេះ សមត្ថកិច្ចនឹងចាត់ការតាមនីតិវិធីច្បាប់៕