(ភ្នំពេញ)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជ្យរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះហាសង្ឃរាជនៃកម្ពុជា បានធ្វើការចែកទានជូនដល់ ប្រជាពលរដ្ឋក្រីក្រចំនួន ៥០គ្រួសារ និងប្រជាពលរដ្ឋក្រីក្រជាច្រើនទៀត។
សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស បានប្រគល់ជូនព្រះរាជអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥០គ្រួសារនិងជនក្រីក្រជាច្រើនទៀតនារសៀលថ្ងៃទី១៥ ខែមេសាឆ្នាំ ២០២០ ដោយមានការចូលរួមអមដំណើរដោយព្រះមន្រ្តីសង្ឃ។
ក្នុងឱកាសផ្ដល់ជូនព្រះរាជអំណោយនេះ សម្ដេចព្រះមហាសង្ឃរាជ មានព្រះសង្ឃដីការអប់រំប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ ការពារសុខភាពរបស់ខ្លួន និងគ្រួសារធ្វើយ៉ាងណារួមគ្នា ទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ សម្ដេចព្រះមហាសង្ឃរាជ ក៏មានព្រះសង្ឃដីកា ឱ្យប្រជាពលរដ្ឋត្រូវគោរព និងអនុវត្តតាម សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទបស្កាត់ជំងឺ COVID-19ទាំងអស់គ្នា។
ក្រៅពីការចែកជូនព្រះអំណោយ សម្ដេចព្រះមហាសង្ឃរាជក៏បាន បំពាក់មេដាយ ជូណឥស្សរៈជនចំនួន ៣រូប ដែលបានបំពេញសកម្មភាព ស្នាដៃជាច្រើន សម្រាប់សកម្មភាពដ៏ថ្លៃថ្លាក្នុងវិស័យព្រះពុទ្ធសាសនា។
សម្រាប់ប្រជាពលរដ្ឋដែលទទួលបានព្រះរាជអំណោយក៏បានសម្ដែងចិត្តត្រេកអរ ចំពោះការសណ្ដោសប្រណីរបស់ព្រះអង្គដែលតែងតែ ខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋ និងបានជួយឧបត្ថម្ភជានិច្ចជាកាល។
ព្រះរាជអំណោយនាពេលនេះរួមមាន អង្ករក្នុងមួយគ្រួសារចំនួន ២០គីឡូក្រាម មីមួយកេស ត្រីខ ទឹកត្រី ទឹកអាលកុលសម្លាប់មេរោគ ទឹកជែលសម្លាប់មេរោគ និងថវិការចំនួន ៤ម៉ឺនរៀលសម្រាប់ មួយគ្រួសារផងដែរ៕