(ភ្នំពេញ)៖ នាយទាហាន នាយទាហានរង និងពលទាហានកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ ឈរជើងនៅព្រំដែនកម្ពុជា-ឡាវ សរុប ២៥១២នាក់ បានរួមគ្នាបរិច្ចាគថវិកាសរុបជាង ៧០លានរៀល ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ថវិកាជាង ៧០លានរៀលនេះ ត្រូវបានកងពលតូចអន្តរាគមន៍លេខ១២៨ យកប្រគល់ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។

កងពលតូចអន្តរាគមន៍លេខ១២៨ ជាកងពលមួយដែលសម្តេចតេជោ ហ៊ុន សែន បង្កើតឡើងនៅឆ្នាំ២០១៧ ដើម្បីឈរជើងការពារដែនដីកម្ពុជា នៅព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានគូសបញ្ជាក់ថា ការបរិច្ចាគនេះ ជាស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា។

លោក មៀច សាមុត បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះ «ថវិកាទាំងនេះ គឺជាថវិកាកើតចេញពីការស្ម័គ្រចិត្តរបស់បងប្អូនកងទ័ពយើង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយដល់សង្គមជាតិ ជួយដល់ប្រជាពលរដ្ឋខ្មែរក្នុងពេលជួបការលំបាក ដោយសារជំងឺកូវីដ១៩»

លោកមេបញ្ជាការរូបនេះបន្ថែមថា «បងប្អូនកងទ័ពរបស់យើងមិនត្រឹមតែមានតួនាទីភារកិច្ចស្នូលក្នុងការការពារជាតិ មាតុភូមិ ការពារបូរណភាពទឹកដីនោះទេ។ តែកងទ័ពរបស់យើងក៏មានស្មារតីចូលរួមចំណែករំលែកទុក្ខលំបាករបស់ជាតិ និងប្រជាជនយើងនៅគ្រប់កាលៈទេសៈ»

សូមបញ្ជាក់ថា ដើម្បីរួមចំណែកជួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានសប្បុរសជនជាច្រើនបានរួមគ្នាបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមកដល់ពេលនេះថវិកាសប្បុរសជនជួយនោះមានជាង១០លានដុល្លារអាមេរិកហើយ។

ក្រៅពីថវិការបស់សប្បុរសជន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សមាជិក សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានសម្រេចបរិច្ចាគប្រាក់បៀវត្សជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ ដើម្បីធ្វើប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១០ ក៏ដូចជាដោះស្រាយបញ្ហានានាបង្កដោយជំងឺនេះ៕