(កំពង់ស្ពឺ)៖ សប្បុរសជននៅតែបន្តការចូលរួមបរិច្ចាសម្រាប់រដ្ឋបាលខេត្តកំពង់ស្ពឺ ទៅតាមទឹកចិត្តមនុស្សធម៌ តាមរយៈតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស ក្រុមអាជីវករ គ្រប់មជ្ឈដ្ឋាននៅក្នុងខេត្ត ជាការរួមចំណែកជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទទួលទឹកអេតាណុល ចំណុះ ៥០០០លីត្រ ពីក្រុមហ៊ុន cj cambodia co ltd ដែលក្រុមហ៊ុននេះ បានគល់ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង Covid-19 ខេត្ត សម្រាប់ទុកប្រើប្រាស់តាមតម្រូវការ។
លោក វ៉ី សំណាង បានលើកឡើងថា កាយវិការទាំងនេះបានបង្ហាញអំពីសាមគ្គីភាព ព្រមទាំងបានបង្ហាញអំពីទឹកចិត្តមនុស្សធម៌ ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក៏ដូចជាតបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់តាមវិធីគ្រប់បែបយ៉ាង ដើម្បីឲ្យប្រជាជនឲ្យចាកផុត អំពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ។
ក្នុងពិធីប្រគល់ទទួលនោះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន cj cambodia co ltd ដែលបានផ្ដល់ទឹកមេតាណុលចំណុះ ៥០០០លីត្រ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំង Covid-19 ខេត្ត។ ជាមួយគ្នានេះផងដែរ លោកនៅតែអំពាវនាវដ៏ទទូចដល់សប្បុរសជនដទៃទៀត សូមមេត្តាបន្តចូលរួមចំណែក ក្នុងការជួយឧបត្ថម្ភគាំទ្រ ជាសម្ភារ ថវិកា ដល់គណៈកម្មាធិការប្រយុទ្ធជំងឺ Covid-19 ខេត្ត ដើម្បីមានលទ្ធភាពជួយដល់ប្រជាជនណាដែលផ្ទុក Covid-19 និងដើម្បីបង្ការផងដែរ៕