(កំពត)៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ លោក ជាវ តាយ អភិបាលខេត្ត បានដឹកនាំក្រុមការ និងមន្ទីរពាក់ព័ន្ធបន្តប្រគល់សម្ភារ និងគ្រឿងបរិក្ខា ជូនដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកចំនួន៥ និងមណ្ឌលសុខភាព ចំនួន៦៤ ដើម្បីឆ្លើយតបយុទ្ធនាការបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ១៩។
ក្នុងពិធីប្រគល់នេះលោកជាវ តាយ បានថ្លែងថា បច្ចុប្បន្នស្ថានភាពជំងឺឆ្លងកូវីដ១៩ បាននឹងកំពុងរីករាលដាលក្នុងពិភពលោក ហើយបញ្ហានេះ គឺជាបន្ទុកដ៏លំបាកធ្ងន់ធ្ងរ សម្រាប់នៅកម្ពុជា យើងផងដែរ។ នៅក្នុងស្ថានការណ៍ដ៏លំបាកធ្ងន់ធ្ងរនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់ ដើម្បីដោះស្រាយនូវបញ្ហា ដ៏លំបាកនេះ។
លោក ជាវ តាយ បានបន្តថា ដូច្នេះ ដើម្បីរួមចំណែកការលំបាកជាមួយរាជរដ្ឋាភិបាលនោះ រដ្ឋបាលខេត្តកំពត នារយៈពេលកន្លងមក តែងបានយកចិត្តទុកដាក់ ដោះស្រាយផ្ដល់ ស្បៀងអាហារទំនុបបម្រុងជូនដល់ប្រជាពលរដ្ឋប្រឈមការខ្វះខាត រួមនឹងសម្ភារ វេជ្ជសាស្ត្រមួយចំនួនទៀត ជាបន្តបន្ទាប់ដែលបម្រើឱ្យសកម្មភាព ប្រយុទ្ធបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលក្នុងនោះបានធ្វើការបែងចែក សម្រាប់ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តចំនួន២លើករួចមកហើយផងដែរ។
ដោយឡែក ជាការជាក់ស្ដែង ការបែងចែកប្រគល់ជូននូវអំណោយសម្ភារ បម្រើដល់សកម្មភាពប្រយុទ្ធ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនាពេលនេះ គឺជាលើកទី៣ហើយ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា សកម្មភាពទាំងអស់នេះ គឺមិនអាចខ្វះបានពីការចូលរួម របស់សប្បុរសជន ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមហ៊ុនសហគ្រាសនានា ដែលគិតមកដល់ពេលនេះ ជំនួយឧបត្ថម្ភរបស់សប្បុរសជនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ ជូនដល់រដ្ឋបាលខេត្តគិតជាថវិកាសរុបចំនួន ១៩,៥០០ដុល្លារ និង ១៥លាន ៩សែនរៀល រួមនិងគ្រឿងឧបភោគ បរិភោគ សម្ភារបរិក្ខារវេជ្ជសាស្រ្តមួយចំនួនបម្រើដល់សកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩ បានឆ្លើយតបយ៉ាងល្អប្រសើរផងដែរ។
លោក ជាវ តាយ ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តទាំងអស់ ឱ្យបន្តការខិតខំយកចិត្តទុកដាក់ និងសហការថែមទៀត ឱ្យបានល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានរួមនឹងអ្នកពាក់ព័ន្ធពិសេសធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការអនាម័យ របស់ក្រសួងសុខាភិបាល គឺក្នុងគោលដៅរួម ដើម្បីធ្វើយ៉ាងណារួមគ្នា ទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។
សម្ភារដែលបានប្រគល់ជូននាពេលនេះជូនមន្ទីរពេទ្យបង្អែកចំនួន៥ រួមមាន៖ ធុងបាញ់ថ្នាំសម្លាប់មេរោគ ចំនួន១០, ម៉ាស់២៥ប្រអប់, ទឹកសាប៊ូលាងដៃ១០ធុង និងសម្រាប់មណ្ឌលសុខភាព ចំនួន៦៤ បានប្រគល់ជូនម៉ាស់១៩២ប្រអប់, អាកុល៣២០លីត្រ និងឧបករណ៍សម្រាប់ស្ទង់កំដៅចំនួន៦៤ ផងដែរ៕