(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេច ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រង សាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម បានផ្តួចផ្តើមគំនិតរៃអង្គាសថវិកា ដែលបានពីការបរិច្ចាករបស់ គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និង និស្សិតនៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម បានចំនួនជាង១២លានរៀល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០ នេះ បានយកថវិកាអង្គាសនេះទៅជូនគណៈកម្មការ ប្រយុទ្ធ ប្រឆាំងនឹងជំងឺ កូវីដ១៩ (Covid-19)ខេត្តកំពង់ចាម ចំនួន ៦,0៥,០០០ និង ជូនគណៈកម្មការថ្នាក់ជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ចំនួន ៦,0៥,០០០ ក្នុងគោលបំណង ចូលរួមប្រឆាំងជំងឺកូវីដ១៩។
ស្ថិតក្នុងឱកាសនោះ ប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ខេត្ត លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក មួន វាសនា ទីប្រឹក្សាសម្ដេច ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រង សាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម ដែលបានផ្តួចផ្តើមគំនិតរៃអង្គាសថវិកា រួមគ្នាយកមកផ្តល់ជូន គណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាមនាពេលនេះ។
លោកអភិបាលខេត្ត បានបន្តថា សកម្មភាពមនុស្សធម៌ នាពេលនេះ គឺជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការ ជួយរំលែកទុក្ខលំបាក ការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ខ ក្នុងការពារទប់ស្កាត់ ការរីករាលដាល COVID-19 និងស្របជាមួយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង យកចិត្តទុកដាក់ ក្នុងការអំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងបងប្អូនសប្បុរសជននានា ដើម្បីរួមគ្នាប្រយុទ្ធទប់ស្កាត់ ការរីករាលដាលនៃវីរុសកូរ៉ូណា (កូវីដ១៩) នេះ។
លោក មួន វាសនា បានយកឱកាសនោះ សូមបួងសួងដល់គុណ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ព្រះនាមគោរាគទេវី តាមជួយប្រោះព្រំដល់ថ្នាកដឹកនាំ និងប្រជាពលរដ្ឋសព្ទសាធុការ ពរជ័យ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និង ព្រមទាំងប្រកប បានដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិពាន្នៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាពិសេសជៀសផុតពីជំងឺកូវីដ១៩ គ្រប់ៗគ្នា និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និង និស្សិត នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម ដែលមានចិត្តសប្បុរសចួលរួមជាថវិកានេះផងដែរ៕