(បាត់ដំបង)៖ សប្បុរសជន កញ្ញា ង៉ោ លាងហេង និងកញ្ញា ង៉ោ ហ្គេចណៃ ម្ចាស់ភោជនីយដ្ឋានកាហ្វេ ម៉េម៉ូរីកាហ្វេ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានផ្តល់អង្ករ១តោន និងថវិកា១លានរៀល ជូនលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ដើម្បីចូលរួមចំណែកការងារ និងតំរូវការ COVID-19 ក្នុងខេត្ត។
កញ្ញា ង៉ោ លាងហេង បានឲ្យដឹងថា ដើម្បីចូលរួមឧបត្ថម្ភមូលនិធិគាំទ្រ ដល់ក្រុមគ្រូពេទ្យជួយមុខ ក្នុងការថែទាំអ្នកជំងឺ COVID-19 នៅខេត្តបាត់ដំបង និងដើម្បីរួម ចំណែកកិច្ចការមនុស្សធម៌ និងសង្គមជាតិ សម្រាប់ប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺ COVID-19 ក្នុងខេត្តផងនោះ កញ្ញានិងក្រុមគ្រួសារ បានបរិច្ចាគធនធានផ្ទាល់ខ្លួន ជាអង្ករចំនួន១តោន និងថវិកា១លានរៀល ជូនដល់ប្រធាគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ខេត្ត ទុកសម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់បំផុត។
ក្នុងឱកាសនោះ លោកអភិបាល ក៏សូមថ្លែងអំណរគុណ ដល់សប្បុរសជនគ្រប់ទិសទី តែងបានផ្តល់អំណោយមនុស្សធម៌ ជាបន្តបន្ទាប់កន្លងមក ជាក់ស្តែងថ្ងៃនេះ កញ្ញានិងក្រុមគ្រួសារ បាននាំអំណោយជាស្បៀង និងថវិកាផ្ទាល់ខ្លួន ផ្តល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ខេត្ត។
លោក ងួន រតនៈ បានបញ្ជាក់ថា ក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ខេត្ត ដែលបានទទួលអំណោយនាថ្ងៃនេះ យកទៅប្រើប្រាស់ឲ្យបានសមស្រម ចំគោលដៅនិងចាំបាច់បំផុត និងថ្លែងអំណរគុណដល់ម្ចាស់អំណោយ និងក្រុមគ្រួសារ ឲ្យរកទទួលទានបានសម្រេចជោគជ័យរីកចម្រើនតទៅ និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លានឃ្លាតឡើយ៕