(ភ្នំពេញ)៖ រយៈពេល ៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០២ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានគ្រោះអគ្គិភ័យទូទាំងប្រទេស បានកើតឡើងចំនួន០៧លើក បំផ្លាញផ្ទះអស់ចំនួន ១០ខ្នង បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសម្នាក់។ នេះបើតាមរបាយការណ៍របស់លោកវរសេនីយ៍ អ៊ិន ស្រេង នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។
ក្នុងរបាយការណ៍បានឱ្យដឹងថា នៅក្នុងករណីគ្រោះអគ្គិភ័យនេះ បានបង្កឱ្យខូចខាតសម្ភារមួយចំនួនរួមមាន៖ រថយន្ត១គ្រឿង, ម៉ូតូ ចំនួន២គ្រឿង, ទូរទស្សន៍ ២គ្រឿង, ទូឈើដាក់ចាន ១គ្រឿង, ធុងបាស ១គ្រឿង, ម៉ូទ័រសម្រាប់ធ្វើសំណង់ ចំនួន០៧គ្រឿង, ស្រូវចំនួន ១៩០០គីឡូក្រាម, អង្ករ ចំនួន១០០គីឡូក្រាម, ខ្សែកមាស ១ដំឡឹង, ប្រាក់រៀល ១,០០០,០០០រៀល, ប្រាក់២៥,០០០ដុល្លារ, ទូទឹកកក ចំនួន ០២គ្រឿង និងគ្រឿងបន្លាស់ម៉ូតូ មួយចំនួនធំ។
ក្នុងរបាយការណ៍ បានបញ្ជាក់ផងដែរថា មូលហេតុគ្រោះអគ្គិភ័យ រួមមាន៖ ឆ្លងចរន្ដអគ្គិសនី០៤លើក, ផ្ទុះអុងហ្គាស១លើក, ប្រើប្រាស់ភ្លើង៣លើក។ ក្នុងនោះបើធៀបទៅរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី កាលពីឆ្នាំ២០១៩ មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៤លើក (១៤/០៧លើក)៕