(កំពង់ធំ)៖ លោក គង់ វិមាន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានគណៈ ពង្រឹងមូលដ្ឋាន ស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំពពក ខេត្តកំពង់ធំ បានទទូចឲ្យសមាជិក សមាជិកា និងគណៈពង្រឹងការងារ គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តប្រឹងប្រែង ក្នុងបេសកកម្ម ជួយអភិវឌ្ឍមូលដ្ឋាន បំពេញសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ និង ដោះស្រាយរាល់ បញ្ហាដែលប្រជាពលរដ្ឋ កំពុងប្រឈម ហើយចូលរួមបន្តបង្ក្រាប បទល្មើស ជាពិសេស បទល្មើស ព្រៃឈើ។
ប្រសាសន៍ជំរុញ និងក្រើនរំលឹករបស់លោក គង់ វិមាន បានធ្វើឡើងក្នុងឱកាស ដែលរូបលោកអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប ៣៧ឆ្នាំ នៃថ្ងៃជ័យជម្នះ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៦) នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាឃុំពពក នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦។
លោក គង់ វិមាន នៅចំពោះមុខសមាជិក សមាជិក និង ប្រជាពលរដ្ឋជិត៤០០នាក់ បានថ្លែងថា ៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជា ដែលបាននាំមកវិញនូវការរស់រាន សព្វបែបយ៉ាង មានទាំងជីវិត សិទ្ធិសេរីភាព និងតម្លៃជាមនុស្សជាតិ ជាពិ សេសនោះ ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឲ្យជីវិតរស់នៅក្នុងភាពសម្បូរសប្បាយ និង រីករាយគ្រប់ក្រុមគ្រួសារ។
លោកបានថ្លែងទៀតថា ក្នុង រយៈពេល ៣៧ឆ្នាំមកនេះ ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងអស់ កម្លាំងកាយចិត្ត កសាងមាតុភូមិកម្ពុជាឲ្យបានរីកចម្រើន ជឿនលឿន ដើម្បីបំពេញ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ លោក គង់ វិមាន ដែលមានតួនាទី ជាអភិបាលរងខេត្តកំពង់ធំផងនោះ បានស្នើ ឲ្យគណៈពង្រឹង ការងារទាំងអស់ ខិតខំប្រឹងប្រែងបន្ថែមទៀត អភិវឌ្ឍ និងកសាងនូវ សមិទ្ធផលថ្មីៗ សម្រាប់ប្រជាពលរដ្ឋ នៅ ក្នុងមូលដ្ឋាន ជាពិសេស ត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើសុខទុក្ខ ធ្វើយ៉ាងណាឆ្លើយតប និងដោះស្រាយឲ្យទាន់ពេលវេលានូវបញ្ហា ជាក្តីកង្វល់របស់ប្រជាពលរដ្ឋ៕