(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន បានប្រកាសអោយប្រើប្រាស់ នោះមិនមែនមានន័យថា ប្រទេសត្រូវបានដាក់ស្ថិតក្នុងភាពអាសន្ននោះទេ។
លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនមែនមានន័យថា ប្រទេសត្រូវបានដាក់ស្ថិតក្នុងភាពអាសន្ន ក្រោយពេលមានព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននោះទេ។ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នៅពេលណានោះ គឺប្រកាសដោយព្រះមហាក្សត្រ (ព្រះរាជក្រឹត្យ) ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ស្របតាមមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ!»។
លោកបន្តថា៖ «ជារួមមានន័យថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននឹងយកមកអនុវត្ត ក្រោយពេលមានការប្រកាសដាក់ប្រទេសជាតិស្ថិត ក្នុងភាពអាសន្ន!»។
«សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មាន៥ជំពូក និង១២មាត្ ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាអនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ ជាមួយគ្នានេះ ច្បាប់នេះនឹងត្រូវដាក់ឱ្យព្រឹទ្ធសភា ឱ្យយោបល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហើរសារជូនជនរួមជាតិ អំពីការពិចារណាទូលថ្វាយព្រះមហាក្សត្រ សុំរាជានុញ្ញាតដើម្បីដាក់ប្រទេសកម្ពុជា «ឱ្យស្ថិតនៅក្នុងភាពអាសន្ន» ខណៈស្ថានភាពរីករាលដាលជំងឺកូវីដ១៩ កាន់តែច្រើនឡើង ដោយមានអ្នកឆ្លងប្រមាណជាង១០០នាក់៕