(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ច័ន្ទ សុធា អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ បរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនមួយខែ ២០ម៉ឺនរៀល រយៈពេល៤ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីចូលរួមដោះស្រាយការលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងលិខិតប្រកាសពីការបរិច្ចាគថវិកាផ្ញើទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ លោកវរសេនីយ៍ទោ ច័ន្ទ សុធា បានគូសបញ្ជាក់ថា លោកបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២០។

លោកវរសេនីយ៍ទោ ច័ន្ទ សុធា បានគូសបញ្ជាក់ក្នុងលិខិតនោះថា ការបរិច្ចាគនេះ ជាស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ថែមថា ចំណែកប្រាក់បៀវត្សរបស់លោកជាចំនួនទឹកប្រាក់មួយតិចតួច តែជាស្មារតីនៃការចែករំលែក និងជាស្មារតីនៃការជួយគ្នារបស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយដល់សង្គមជាតិ ជួយដល់ប្រជាពលរដ្ឋខ្មែរក្នុងពេលជួបការលំបាក។

សូមបញ្ជាក់ថា ដើម្បីដោះស្រាយការលំបាកទាំងឡាយដែលកំពុងប្រឈមសម្រាប់កម្ពុជាបណ្តាលមកពីជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទី០១ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ រាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

ប្រាក់បៀវត្សនាយករដ្ឋមន្ត្រីកម្ពុជា មានប្រមាណ១០លានរៀល ក្នុង១ខែ ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី ៨លាន ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន៦លាន និងរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាការ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីតុលាការ និងមន្ត្រីនៅស្ថាប័នផ្សេងៗទៀត ក៏បានសម្រេចបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីរួមចំណែកគ្នាជួយដោះស្រាយការលំបាករបស់ជាតិ ក្នុងពេលរងការរាតត្បាតដោយជំងឺកូវីដ១៩៕