(ព្រៃវែង)៖ អ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចខាងលិចវិទ្យាល័យហ៊ុនសែនតាគោក កុំភ្លេចឈប់ជួយទិញផ្លែព្រីងដោះក្របី ព្រីងបាយ និងព្រីងអួល របស់អ្នកភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែងផង ព្រោះតែខែនេះដល់រដូវផ្លែព្រីងទុំហើយ ដោយមានអ្នកភូមិជាច្រើន បានដាក់លក់ផ្លែព្រីង នៅលើកញ្ច្រែង ល្អី ជាហូរហែរតគ្នារង់ចាំអ្នកធ្វើដំណើរឈប់រថយន្ត ឬម៉ូតូ ដើម្បីជួយទិញពួកគាត់។
អ្នកលក់ព្រីងភូមិស្រះ បានរៀបរាប់ឲ្យដឹងថាផ្លែព្រីង របស់អ្នកភូមិស្រះល្បីខ្លាំងណាស់ បានទាក់ទាញអ្នកដំណើរជាច្រើន ឱ្យឈប់យានយន្តរបស់ពួកគេដើម្បីចូលទិញ និងភ្លក្សព្រីងធម្មជាតិនេះ ដែលមានតែម្ដងក្នុងមួយឆ្នាំ។ ស្ទើរគ្រប់ផ្ទះរបស់អ្នកភូមិ គឺមានដើមព្រីង ចាប់ពី៣ដើម រហូតដល់ច្រើនដើម ខ្លះមានដល់ទៅ១០ដើមក៏មាន។
ពលរដ្ឋបានឱ្យដឹងទៀតថា ព្រីងដែលអ្នកពួកគាត់កំពុងលក់នេះ គឺខ្លះមានដើមនៅផ្ទះខ្លួនឯង និងខ្លះទៀតបានទិញបន្ដពីអ្នកផ្ទះក្បែរខាង ហើយព្រីងដែលយកបន្ដពីគេតម្លៃពី១០០០ ទៅ១៥០០រៀលក្នុងមួយកំប៉ុង តាមគ្រាប់តូច គ្រាប់ធំ ហើយលក់ចេញវិញចាប់ពី២៥០០ ទៅ៣០០០រៀល ដែលអ្នកលក់ម្នាក់អាចលក់បានចន្លោះពី ៧០ទៅ១០០កំប៉ុងឯណោះ។
ផ្លែព្រីងបានបង្កើនប្រាក់ចំណូលមួយចំនួន ដល់គ្រួសារអ្នកភូមិស្រះ ដែលក្នុងមួយថ្ងៃពួកគេអាចលក់បានប្រាក់ចំណេញចាប់ពី៥ម៉ឺនរៀល ឡើងទៅ។ ដែលក្នុងមួយឆ្នាំអ្នកភូមិ អាចលក់ព្រីងរយៈពេល២ខែ គឺចាប់ពីដើមខែមេសា ដល់ផុតខែមិថុនា។
ពលរដ្ឋបានបន្តថា ព្រីងដែលអ្នកភូមិស្រះកំពុងលក់នេះ ជាប្រភេទព្រីងដោះក្របី ព្រីងបាយ និងព្រីងអួល ដែលវាមានផ្លែធំៗ ខ្លះទៀតក៏មានតូចដែរ ហើយវាមានរសជាតិផ្អែម ខ្លះជូរអែម ហើយគេនិយមយកវាទៅក្រឡុកជាមួយស្ករ និងអំបិល ដើម្បីបន្ថែមរសជាតិ។
ចំណែកអ្នកដំណើរដែលនិយមចូលទិញព្រីង ច្រើនជាអ្នកដំណើរផ្លូវជាតិលេខ១ ដែលបានឆ្លងកាត់ស្រុកព្រះស្តេចខេត្តព្រៃវែង មានខ្លះមកពីភ្នំពេញទៅខេត្តស្វាយរៀង ដែលមិនសូវដែលរំលងកន្លែងលក់ព្រីងទុំនោះទេ តែងតែនាំគ្នាជួយទិញ យកទៅហូបផ្ទាល់ខ្លួន និងផ្ញើរអ្នកផ្ទះឲ្យបានស្គាល់រស់ជាតិព្រីងទុំអ្នកភូមិស្រះ ឃុំរំចេកផងដែរ៕