(ភ្នំពេញ)៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកបណ្ឌិត ងី មានហេង បានថ្លែងថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ មិនមានករណីអ្នកជំងឺកូវីដ១៩ថ្មីនោះទេ នៅមណ្ឌលសុខភាព ចាក់អង្រែក្រោម ហើយអ្នកជំងឺ២នាក់ទៀត ក្នុងចំណោមអ្នកជំងឺ០៤នាក់ ដែលកំពុងសម្រាកព្យាបាល នឹងជាសះស្បើយឆាប់ៗ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានលើកទី១។
លោកបណ្ឌិត ងី មានហេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ទៀតថា «មកទល់នឹងថ្ងៃនេះ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម អ្នកជាសះស្បើយមាន០៩នាក់ បានត្រលប់ទៅផ្ទះវិញហើយ នៅសល់០៤នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាល ក្នុងនោះមាន២នាក់នឹងជាឆាប់ៗនេះ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានលើកទី១ ហើយនឹងធ្វើតេស្តម្តងទៀតនៅ៣ថ្ងៃបន្ទាប់»។
ប្រធានមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញបានថ្លែងបន្ដថា ក្រោមការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមានការលើកទឹកចិត្ដ និងរួមចំណែករបស់ប្រជាពលរដ្ឋ បានធ្វើឱ្យក្រុមគ្រូពេទ្យជួរមុខ ពិនិត្យថែទាំអ្នកជំងឺកូវីដ១៩ មានកម្លាំងចិត្ដ ក្នុងការប្ដេជ្ញាខ្ពស់ ក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពព្យាបាលអ្នកជំងឺ។
ក្នុងនោះ ក្រុមគ្រូពេទ្យជួរមុខ ក៏មានការបែងចែកក្រុម ដោយក្នុងមួយក្រុមមានគ្រូពេទ្យប្រមាណជាង៤០នាក់ ទាំងអ្នកបច្ចេកទេស។ ពេលនេះ ក្រុមគ្រូពេទ្យជួរមុខមួយក្រុម បានបញ្ចប់ការងាររបស់ខ្លួនយ៉ាងជោគជ័យ និងដោយសុវត្ថិភាព ដែលក្រុមគ្រូពេទ្យនេះ បានព្យាបាលថែទាំអ្នកជំងឺកូវីដ១៩ គិតចាប់ពីថ្ងៃទី១៧ ខែមីនា ដល់ថ្ងៃទី១៤ ខែមេសា។ ជាការលើកទឹកចិត្ដបន្ថែម អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឧបត្ថម្ភថវិកា ក្នុងមា្នក់៥០ម៉ឺនរៀលផងដែរ។
លោកបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា «មន្ដ្រីរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ទាំងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សរុប១,៣០០នាក់បានត្រៀម និងបណ្ដុះបណ្ដាលរួចជាស្រេចហើយ ក្នុងការត្រៀមកម្លាំងក្រុមឆ្លើយតបបន្ទាន់ តែដំណាក់កាលនេះ គឺគ្រូពេទ្យជាង៧០០នាក់ ដែលកំពុងត្រៀម និងធ្វើការងារជាប្រចាំជាមួយអ្នកជំងឺ ហើយបើមានការងារបន្ថែមទៀត បុគ្គលិកទាំង១៣០០នាក់ នឹងរួមគ្នាធ្វើការងារនេះភ្លាមៗ»។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកជាសះស្បើយកើនឡើងដល់៩៨នាក់ហើយ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹម២៤នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕