(ភ្នំពេញ)៖ លោកស្រីឧកញ៉ា ស៊ី ចាន់រដ្ឋា អគ្គនាយិកាក្រុមហ៊ុនអគ្គិសនីព្រះវិហារ បានបរិច្ចាគថវិកា ១០លានរៀល ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះទឹកចិត្តរបស់លោកស្រី។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកការបរិច្ចាគនេះ គឺជាកាយវិការមនុស្សធម៌មួយក្នុងកិច្ចការពារ និងសង្គ្រោះសុខភាព និងជីវិតប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ដើម្បីរួមចំណែកជួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានសប្បុរសជនជាច្រើនបានរួមគ្នាបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមកដល់ពេលនេះថវិកាសប្បុរសជនជួយនោះមានជាង១០លានដុល្លារអាមេរិកហើយ។

ក្រៅពីថវិការបស់សប្បុរសជន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សមាជិក សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានសម្រេចបរិច្ចាគប្រាក់បៀវត្សជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ ដើម្បីធ្វើប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១០ ក៏ដូចជាដោះស្រាយបញ្ហានានាបង្កដោយជំងឺនេះ៕