Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ មនុស្សមួយចំនួនតូច មិនហ៊ាននិយាយចេញពីថ្ងៃ៧មករា តែក្នុងចិត្តគឺពួកគេ ដឹងច្បាស់ណាស់ថា ៧មករាជាជីវិតទី២ របស់កម្ពុជា

08-01-2016 19:45

(ភ្នំពេញ)៖ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហាក់បានរិះគន់ទៅក្រុមមនុស្សមួយចំនួន ដែលមិនបានទទួលស្គាល់របស់ថ្ងៃ៧ មករា ប៉ុន្តែសម្តេចថា តាមពិតនៅក្នុងចិត្តពួកគេ គឺបានទទួលស្គាល់រួចហើយថា ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងនៅលើទំព័រ Facebook នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ថា «ទោះបីមានមនុស្សមួយចំនួនតូច មិនហ៊ាននិយាយចេញអំពីថ្ងៃ៧ មករា តែក្នុងចិត្តគឺពួកគេពិតជាបានដឹងច្បាស់ណាស់ថា ៧មករា គឺជាជីវិតទី២ របស់កម្ពុជា។ យើងមានមោទនភាពខ្លាំងណាស់ចំពោះថ្ងៃ៧ មករា ដែលបានផ្តល់ជីវិតទី២ ដល់កម្ពុជា រួមទាំងសន្តិភាព និងការរីកចម្រើនមកទល់សព្វថ្ងៃ»

ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាពលរដ្ឋខ្មែរជាច្រើន ចាត់ទុកថាជាថ្ងៃកំណើតទី២ របស់ជនជាតិកម្ពុជា។ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែល «រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បង្កើតឡើងដោយកងទ័ពពលរដ្ឋកម្ពុជា សហការជាមួយកងកម្លាំងស្ម័គ្រចិត្តវៀតណាម វាយផ្តួលរំលំ របបខ្មែរក្រហមចេញពីក្រុងភ្នំពេញទាំងស្រុង ហើយរំដោះពលរដ្ឋខ្មែរឱ្យបានរួចផុតពីការសម្លាប់រង្គាល ឱ្យបានរស់រៀនមានជីវិត៕