(ឧត្តរមានជ័យ)៖ ដោយប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ និងមិនទាន់មានសញ្ញាថមថយផងនោះ មន្ត្រីយោធានៃកងពលតូថ្មើរជើងលេខ៤១ជាច្រើនរូប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួន ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ។
គិតមកត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ សមាជិក ដែលបានចូលរួមបរិច្ចាគ គឺមានចំនួន១,៤២៦នាក់ ក្នុងនោះមានទីបញ្ជាការកងពល វរសេនាតូចលេខ៤១១+៤១២+៤១៣ និង៤១៤។ ការចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនរបស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាទាហានរង ពលទាហាន កងពលតូចថ្មើរជើងលេខ៤១ យ៉ាងផុសផុលនាពេលនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ដែលបានបរិច្ចាគថវិការទៅតាមលទ្ធិភាព អ្នកខ្លះបានចំណាយថវិរបស់ខ្លួន រយៈពេលចំនួន ៦ខែ អ្នកខ្លះ ០៥ខែ អ្នកខ្លះទៀត ០៤ខែ និងអ្នកខ្លះចំនួន ៣ខែ ដោយសរុបជាទឹកប្រាក់ចំនួន ១៩៨,៨៧៥,០០០(មួយរយកៅសិបប្រាំបីលាន ប្រាំបីរយចិតសិបប្រាំរៀលគត់)។
ក្រៅពីការចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះ កងពលតូចថ្មើរជើងលេខ៤១ ក៏បានចូលរួមយ៉ាងសកម្មអនុវត្តនូវ រាល់បទបញ្ជារាជរដ្ឋាភិបាល សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារជំងឺឆ្លង ព្រមទាំងបានចូលរួមជាមួយអជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់ ធ្វើការផ្សព្វផ្សាយ នូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងបានចាត់តាំងកម្លាំងមន្រ្តីសុខាភិបាលរបស់អង្គភាព ពិនិត្យវាស់កម្តៅជូនប្រជាជនតាមបណ្តាភូមិក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានប្រជាពលរដ្ឋចំណាក់ស្រុក និងប្រជាពលរដ្ឋ បានចំនួន ៣០១២នាក់ផងដែរ៕