(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូប សរុបជាង២៥០០កេស ដល់សមត្ថកិច្ច ដែលកំពុងប្រចាំការតាមរនាំងបិទផ្លូវឆ្លងព្រំប្រទល់ខេត្តក្រុងនានាទាំងអស់។
ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភក្នុងមួយទីតាំងនូវទឹកបរិសុទ្ធចំនួន១០កេស ទឹកផ្លែឈើជូប១០កេស និងឆត្រពីរផងដែរ។
លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា៖ «ការឧបត្ថម្ភទឹកបរិសុទ្ធ និងភេសជ្ជៈលើកនេះ គឺជាការចូលរួមបន្ថែមទៀតក្រៅពីការចូលរួមជាថវិកា និង ផលិតផល ដែលក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគជូនរដ្ឋាភិបាល ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩»។
ក្នុងឆ្នាំ២០២០ នេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា ៣៣០០០កេសជូនដល់មន្ទីរពេទ្យចំនួន៥ រួមមាន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារជាតិ និង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បន្ថែមពីនេះ ក៏បានជូនទឹកបរិសុទ្ធ ៣ពាន់កេស និង ថវិកា ៥០ម៉ឺនដុល្លារដល់ក្រសួងសុខាភិបាល និង ៥០ម៉ឺនដុល្លារផ្សេងទៀតដល់កាកបាទក្រហមកម្ពុជា។
ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE ទឹកបរិសុទ្ធកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black និងស្រាបៀរ គូដូ ជាដើម៕