(ភ្នំពេញ)៖ នាយកក្រុមហ៊ុន Huawei ប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ បានអះអាងចំពោះមុខរដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថា នឹងបន្តវិនិយោគបន្ថែមនៅកម្ពុជា ហើយការវិនិយោគនេះ មិនត្រឹមតែក្នុងវិស័យទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកសកម្មភាព ធុរកិច្ចផ្សេងទៀត ក្នុងវិស័យឌីជីថលផងដែរ។
ការអះអាងយ៉ាងដូច្នេះរបស់ Huawei ធ្វើឡើងក្នុងឱកាស លោក Yuya Yao នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំនៅក្នុងប្រទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ នេះបើតាមការចុះផ្សាយរបស់ Facebook ផ្លូវការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ជំនួបនេះធ្វើឡើង នៅទីស្ដីការក្រសួងប្រៃសណីយ៍ មានគោលបំណង ដើម្បីពិភាក្សាពីវឌ្ឍនភាព កិច្ចសហប្រតិបត្តិការកន្លងមក និងការងារត្រូវអនុវត្តបន្តជាពិសេសការអភិវឌ្ឍបច្ចេកវិទ្យា ទូរគមនាគមន៍ជំនាន់ទី៥ (5G) ។
លោក Yuya Yao ក៏បានជម្រាបជូនលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត អំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន Huawei ដែលបានវិនិយោគ លើវិស័យបច្ចេកវិទ្យា ព័ត៌មាន និងទូរគមនាគមន៍ ចាប់តាំងពីឆ្នាំ ១៩៩៩ មក ដែលបានផ្តល់ការងារដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនក្រុមហ៊ុន Huawei អំពីការងារអាទិភាពរបស់ក្រសួង ក្នុងការបង្កើតបរិស្ថានសម្រាប់ ការរីកលូតលាស់វិស័យ ឌីជីថល និងស្នើឲ្យក្រុមហ៊ុន ពិនិត្យលទ្ធភាព ផ្តល់ការគំាទ្រតាមរយៈជំនាញ និងបទពិសោធន៍របស់ខ្លួន លើកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដើម្បីបណ្តុះបណ្តាលកសាងសមត្ថភាព មន្រ្តីរាជការក្រសួង និងនិស្សិត ព្រមទាំងការប្រើប្រាស់ អ៊ីនធឺណិត និងបច្ចេកវិទ្យាបានទូលំទូលាយ ក្នុងចំណោមប្រជាពលរដ្ឋទូទៅ។
ជាការឆ្លើយតប លោកនាយកប្រតិបត្តិក្រុមហ៊ុន Huawei បានទទួលយកសំណើនានារបស់ លោករដ្ឋមន្រ្តី និង សន្យាសហការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមមន្ត្រីជំនាញ ក្រោមឱវាទក្រសួង លើគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍សំខាន់ៗ របស់កម្ពុជា៕