(ភ្នំពេញ)៖ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ បាននិយាយថា សាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ផ្តើមរៀបចំពន្លឿនការជំនុំជំរះសំណុំរឿងនៅក្នុងដៃរបស់ខ្លួន ឱ្យបានច្រើនបន្ថែមទៀតនៅក្នុងឆ្នាំថ្មីនេះ។ ការលើកឡើងរបស់ប្រធានតុលាការរូបនេះ បានធ្វើឡើងស្របពេលដែលមានការរិះគន់ អំពីចំនួនអ្នកជាប់ឃុំនៅក្នុងពន្ធនាគារទូទាំងប្រទេសថា កើនឡើងលើសកម្រិតកំណត់រហូតដល់ ២៣ភាគរយ ហើយថាក្នុងចំណោមអ្នកជាប់ឃុំទូទាំងប្រទេសសរុប ១៧ពាន់នាក់ មាន ៧០ភាគរយឯណោះ ដែលមិនទាន់ទទួលបានសាលក្រម ឬសាលដីកាស្ថាពរពីតុលាការ។
លោក តាំង ស៊ុនឡាយ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ការឃុំខ្លួនកន្លងទៅគឺធ្វើទៅតាមនីតិវិធីទាំងអស់ ប៉ុន្តែលោកក៏បានទទួលស្គាល់ដែរថា មានករណីតិចតួចប៉ុណ្ណោះ បានឃុំខ្លួនលើសរយៈពេលកំណត់នៃច្បាប់។ លោកថ្លែងថា «រាល់ថ្ងៃយើងបានខិតខំព្យាយាមធ្វើទៅតាមច្បាប់នេះហើយ យើងអត់ចង់ទុកទេ លើសឃុំក៏យើងអត់ឱ្យមានបញ្ហានេះដែរ គឺយើងព្យាយាមកុំឱ្យឃុំខ្លួនលើស ច្បាប់គេឱ្យដាក់ឃុំ ៤ខែ សម្រាប់បទមជ្ឈឹម ហើយឧក្រិដ្ឋឃុំ ៦ខែ អញ្ចឹងការងារនេះដូចជាមិនមានអ្វីត្រូវលើសទេ យើងអាចថាវាមានតិចតួចចុះ ប៉ុន្តែយើងព្យាយាមធ្វើប៉ុណ្នឹងហើយ ឯរឿងនីតិវិធីក៏ត្រូវធ្វើតាមហ្នឹងរឿងជំរំះក៏អញ្ចឹងដែរ យើងចង់និយាយថាចង្អៀតពន្ធនាគារ ដោយសារយើងអត់ជំរះក៏មិនត្រូវយើងបានកាត់ក្តីស្ទើររាល់ថ្ងៃ»។
លោក តាំង ស៊ុនឡាយ អះអាងបន្ថែមថា កាលពីឆ្នាំ២០១៥កន្លងទៅនេះ សំណុំរឿងព្រហ្មទណ្ឌបានកើនឡើងប្រមាណ ៣០ភាគរយពីឆ្នាំ២០១៤ ហើយតុលាការបានជំនុះប្រមាណ ២ពាន់សំណុំរឿង ក្នុងរឿងព្រហ្មទណ្ឌជាង ១ម៉ឺនករណី។
បច្ចុប្បន្នមានអ្នកជាប់ឃុំប្រហែល ៣០ភាគរយប៉ុណ្ណោះ នៃអ្នកជាប់ឃុំទាំងអស់ជាង ១៧,៨៩៦នាក់ នៅពន្ធនាគារទូទាំងប្រទេសកម្ពុជា គឺជាទណ្ឌិតដែលទទួលបានសាកក្រម ឬសាលដីកាស្ថាពរពីតុលាការ ចំណែក ៧០ភាគរយទៀត មិនទាន់ទទួលបានសាលក្រម ឫសាលដីកាជាស្ថាពរនេះនៅឡើយទេ ហើយពួកគេកំពុងរង់ចាំនីតិវិធីរបស់តុលាការ។ នេះបើតាមការបញ្ជាក់របស់ លោក នុត សវនា អគ្គនាយករងនិងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនា។
បន្ទប់ពន្ធនាគារដែលអាចផ្ទុកអ្នកជាប់ឃុំត្រឹម២៥នាក់ ត្រូវបានមន្រ្តីពន្ធនាគាររាយការណ៍ថា មានបន្ទប់ខ្លះ បានផ្ទុកអ្នកជាប់ឃុំពីប្រមាណ ២៨-៣០នាក់ ហើយនៅពេលដេក ពួកគេដេកចំហៀង និងត្រូវផ្លាស់ប្តូរគ្នាស្របយកខ្យល់ឱកាសជាដើម៕