(បន្ទាយមានជ័យ)៖ មន្រ្តីយោធាជាន់ខ្ពស់យោធភូមិភាគទី៥ ក្នុងខេត្តបន្ទាយមានជ័យ បានអះអាងថា រថយន្តពណ៌ត្រេអ៊ីមួយគ្រឿងដឹកថ្ម ដែលសមត្ថកិច្ចអាវុធហត្ថចាប់ឃាត់ ជារថយន្តរបស់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និងមានស្លាកលេខត្រឹមត្រូវ ហើយមានការទទួលស្គាល់ក្រសួងទៀតផង។
លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានប្រាប់នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះថា កាលពីម្សិលមិញ ខាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តដឹកថ្មរបស់លោកមួយគ្រឿង ដោយហេតុថា មិនមានស្លាកលេខត្រឹមត្រូវ យកទៅរក្សាទុក និងបានប្រគល់ជូនមន្រ្តីគយចាត់ការបន្តទៀត។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា រថយន្តនេះលោកបានជួលពីនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដើម្បីដឹកថ្ម ហើយរថយន្តនេះទៀតសោត មានស្លាកលេខត្រឹមត្រូវ និងមានការទទួល ស្គាល់ត្រឹមត្រូវពីថ្នាក់ដឹកនាំក្រសួងទៀតផង ដូច្នេះលោកសូមអំពាវនាវកុំឲ្យមានការភ័ន្តច្រឡំចំពោះករណីនេះ។
បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការរងភូមិភាគ បើសិនខាងមន្រ្តីគយពិនិត្យទៅមានបញ្ហា និងត្រូវបង់ពន្ធនោះ ខាងអង្គភាពនឹងធ្វើការដោះស្រាយជូនតាមការជាក់ស្តែង៕