(កណ្តាល)៖ អភិបាលស្រុកលើកដែក ខេត្តកណ្តាល លោក ចាប ចាន់វិទ្យា បានអំពាវនាវរកសប្បុរសជនជួយបន្ថែមទៀត ខណៈបង្គោលបំពាក់ដោយអំពូលភ្លើងប្រើថាមពលបន្ទះសូឡា ស្រូបយកពន្លឺព្រះអាទិត្យ (ពន្លឺថ្ងៃ) ដែលពង្រាយនៅតាមដងផ្លូវមានចំនួនពីរឃុំក្នុងស្រុកលើកដែកតែប៉ុណ្ណោះ។
ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងពេលដែលលោកអភិបាលស្រុក និងមេឃុំព្រែកទន្លាប់លោក ងី សារី ចុះពិនិត្យលើការលើកបង្គោលភ្លើងបំពាក់ដោយបន្ទះសូឡានៅតាមដងផ្លូវ នៅក្នុងឃុំព្រែកទន្លាប់នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
លោកបាននិយាយថា ក្នុងនាមអាជ្ញាធរ លោកសុំកិច្ចសហការ និងការចូលរួមពីគ្រប់ដៃគូ ដែលមានបំណងចង់ចូលរួម ដើម្បីធ្វើយ៉ាងណាឲ្យស្រុកលើកដែកទាំងមូលនេះ មានការអភិវឌ្ឍន៍ឥតឈប់ឈរ ក្នុងនោះយើងនៅសល់តែ ១០០បង្គោលទៀតទេ។
បើសិនជាអស់លោក លោកស្រី សប្បុរសជន ឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍន៍នៅក្នុងឃុំព្រែកទន្លាប់ អាចទាក់ទងជាមួយរដ្ឋបាលស្រុក ក៏ដូចជា អាជ្ញាធរឃុំព្រែកទន្លាប់ដែលមានលោក ងី សារី ជាមេឃុំ តែងខិតខំកៀរគរដូចគ្នាដែរ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋក៏ដូចជា សប្បុរសជនចូលរួមគាំទ្រនូវសកម្មភាពដ៏ល្អនេះ។
ក្នុងនាមអាជ្ញាធរស្រុក លោកសូមគោរពថ្លែងអំណរគុណដល់សប្បុរសជនដែលគាំទ្រ និងជឿជាក់លើការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាមានទំនុកចិត្តទៅលើការ ដឹកនាំគាំទ្រ និងសកម្មភាពទាំងឡាយរបស់អាជ្ញាធរភូមិ-ឃុំ-ស្រុក ដែលបានសហការគ្នាធ្វើយ៉ាងណា ឲ្យស្រុកលើកដែកបើកឆាកជាប្រវត្តិសាស្ត្រ ព្រោះស្រុកលើកដែករយៈពេលជាង ៤០ឆ្នាំមកហើយ មិនដែលមានភ្លើងបំភ្លឺផ្លូវនៅពេលយប់ព្រលប់នោះទេ។
លោកថា «នេះជាមោទនភាពមួយរបស់ស្រុកលើកដែក ដែលយើងឆ្លុះបញ្ចាំងពីការគិតគូរសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅពេលយប់»។
លោកបន្តថា នេះជាការប្រឡងប្រណាំងមួយសម្រាប់ភូមិឃុំមានសុវត្ថិភាព ក៏ដូចជាភូមិឃុំមានសោភ័ណ្ឌភាព និងសក្តានុពលក្រោមការដឹកនាំរបស់សម្តេចតេជោ។ ក្នុងនាមអាជ្ញាធរមូលដ្ឋាន ក្រោមការចង្អុលបង្ហាញរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលបានដាក់ចេញនូវវិធានការធ្វើយ៉ាងណាឲ្យភូមិឃុំ មានសុវត្ថិភាព និងមានការប្រកួតប្រជែង ទាំងសោភ័ណ្ឌភាព និងគុណភាព។
នេះជាឃុំទីពីរហើយ បន្ទាប់ពីឃុំពាមរាំង ដែលបានដាក់រួចរាល់ចំនួន ១៧០បង្គោល ក្នុងនោះលោកក៏សូមថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់មូលដ្ឋានចុះជួយឃុំពាមរាំង ដែលលោកបានម្ចាស់ការ ក្នុងការចាត់ចែងរៀបចំនៅបង្គោលទាំង ១៧០បង្គោលនេះ ហើយប្រជាពលរដ្ឋបានសម្តែងការសាទរ និងមានការសប្បាយចិត្តជាមួយអាជ្ញាធរ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក ដែលមានលោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាតិ ជាប្រធានក្រុមការងារថ្នាក់កណ្តាលរបស់គណបក្សចុះមូលដ្ឋានស្រុកលើកដែក។
លោកស្រីបានគិតគូរសុខទុក្ខប្រជាពលរដ្ឋ និងបានអបអរសាទរនូវអ្វីដែលជាគោលការណ៍ដាក់ចេញរបស់រដ្ឋបាលស្រុក ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាឲ្យផ្លូវជាតិលេខ១៤ នៅស្រុកលើកដែករបស់យើងប្រែមុខមាត់ ឲ្យសាកសមជាប្រទេសមួយមានភាពស៊ីវីល័យមានការអភិវឌ្ឍន៍ប្រកបដោយសុខសុវត្ថិភាព។
លោក ចាប ចាន់វិទ្យា បានបញ្ជាក់ថា នៅក្នុងមូលដ្ឋានស្រុកលើកដែក មានឃុំចំនួន៧ ភូមិចំនួន ២៥ភូមិ។ បច្ចុប្បន្នការដាក់បង្គោលភ្លើងតាមផ្លូវជាតិរបស់យើងនេះ គឺបានចំនួន២ឃុំរួចរាល់ហើយ ជាក់ស្តែងថ្ងៃនេះ នៅឃុំព្រែកទន្លាប់ គឺយើងបានដាក់រួចរាល់ហើយចំនួន១០០បង្គោល។ បង្គោលភ្លើងទាំង១០០នេះ យើងបានការចូលរួមឧបត្ថម្ភ គាំទ្រពីសំណាក់សប្បុរសជននៅក្នុងមូលដ្ឋាន ឃុំព្រែកទន្លាប់នេះផ្ទាល់ចំនួន៥០ដើម។ ចំណែក៥០បង្គោលទៀតក្នុងនាមលោកផ្ទាល់ ក៏បានចូលរួមជាមួយពួកគាត់ផងដែរ។ បង្គោលភ្លើងនេះ ក្នុងមួយដើមតម្លៃ១៥០ដុល្លារ ហើយអំពូលយើងនេះ គឺជាអំពូលប្រភេទសូឡា ប្រើប្រាស់ពន្លឺព្រះអាទិត្យ ក្នុងមួយបង្គោលមានចំនួន១៥០វ៉ាត់។
លោកបានបញ្ជាក់ទៀតថា នៅថ្ងៃនេះ យើងបានដាក់បង្ហើយនៅចំណុចគល់ស្ពាន ព្រោះបញ្ហាចំបងពេលយប់ព្រលប់ ពិបាកក្នុងការធ្វើដំណើរ ហើយស្ពានមានសភាពតូចចង្អៀត អញ្ចឹងយើងត្រូវយកចិត្តទុកដាក់ទៅលើក្បាលស្ពាននីមួយៗ ដើម្បីធ្វើយ៉ាងណាសម្រួលចរាចរណ៍ដល់ការធ្វើដំណើរពេលយប់របស់បងប្អូនប្រជាពលរដ្ឋ ឲ្យពួកគាត់បានមើលឃើញស្ពាន និងផ្លូវច្បាស់។
លោកបានបញ្ជាក់ថា នេះគម្រោងសម្រាប់ឃុំព្រែកទន្លាប់ ដែលជាជំហានដំបូង ដែលយើងដាក់នៅលើចិញ្ចើមផ្លូវចំនួន១០០បង្គោល ហើយយើងបានបញ្ចប់រួចរាល់ថ្ងៃនេះ។ ដោយឡែកសម្រាប់គម្រោងបន្ត យើងត្រៀមនឹងដាក់ចំនួន១០០បង្គោលទៀតផងដែរ នៅខាងឆ្វេងដៃ។
សម្រាប់ស្រុកលើកដែក បច្ចុប្បន្ន យើងធ្វើបានតែចំនួនពីរឃុំប៉ុណ្ណោះ ដោយឡែកនៅសល់ ៥ឃុំទៀត លោកកំពុងកៀងគររកសប្បុរសជនដើម្បីឲ្យពួកគាត់ចូលរួមចលនាជាមួយអាជ្ញាធរ ធ្វើយ៉ាងឲ្យស្រុកទេសរបស់យើងមានភ្លើងបំភ្លឺផ្លូវគ្រប់គ្រាន់ ស័កសមជាស្រុកមួយ នៃស្រុកក្រុងទាំង១១ របស់ខេត្តកណ្តាល។ ធ្វើយ៉ាងណា រក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាព ពិសេសចូលរួមអនុវត្តនូវគោលការណ៍ភូមិ ឃុំ មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
លោកក៏សូមអំពាវនាវដល់សប្បុរសជន មេត្តាចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីធ្វើយ៉ាងណាឲ្យគោលការណ៍ ជាពិសេសផែនការនៃចលនាសោភ័ណ្ឌភាពស្អាត, គាំទ្រគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ប្រកបដោយភាពជោគជ័យទាំងអស់គ្នា ៕