(រតនគិរី)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ សមត្ថកិច្ចចម្រុះរួមមាន កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្ត មន្រ្តីបរិស្ថាន វរការពារព្រំដែនគោកលេខ៦២៣ និងកម្លាំងគណៈបញ្ជាការ ឯកភាពស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក លន់ សុភាព អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានចុះត្រួតពិនិត្យចំណុចបង្គោល២៧/(២)ស្ថិតក្នុភូមិភិក្រោម ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរនគិរី ក្រោយមានព័ត៌មានថា រហូតមកដល់ពេលនេះនៅមានសកម្មភាពលួចដឹកឈើតាមផ្លូវទឹក ទៅកាន់ប្រទេសវៀតណាម។
អភិបាលរងខេត្តរតនគិរីលោក លន់ សុភាព បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃនេះថា ក្រុមការងារបានជួបជជែកពិភាក្សាជាមួយខាងភាគីវៀតណាម ព្រោះឈើទាំងនោះស្ថិតក្នុងទន្លេខាងដែនទឹកវៀតណាម តែពួកគេបញ្ជាក់មកវិញថា ឈើទាំងអស់នេះ មិនទាន់ដឹងច្បាស់ថាដឹកតាមកាណូតមកពីដីខ្មែរ ឬ ឈើកាប់ក្នុងដីវៀតណាមនៅឡើយទេ។
លោកអភិបាលរងខេត្តរតនគិរី ប្រាប់បន្តថា ករណីលួចនាំឈើទៅវៀតណាមតាមផ្លូវទឹក នឹងរង់ចាំក្រុមការងារប្រជុំវាយតម្លៃសិន។
ប្រភពព័ត៌មានដោយឡែកទៀត បានលួចបង្ហើបប្រាប់ឲ្យដឹងថា ខាងដីវៀតណាមគ្មានព្រៃឈើសម្រាប់ពួកគេកាប់នោះទេ ពោលឈើដឹកតាមកាណូតដែលចតលាក់ទុកក្នុងទន្លេដែនទឹកវៀតណាម ពិតជាឈើចេញពីដីខ្មែរយ៉ាងពិតប្រាកដអូសឡើងគោកមិនទាន់។
ប្រភពព័ត៌មានខាងលើបន្តថា ឈើស្រឡៅ ឈើគគីរ ឈើកកោះដែលកំពុងត្រូវប៉ាន់ខ្លាំងក្នុងទីផ្សារវៀតណាម ត្រូវបានក្រុមឈ្មួញវៀតណាម និងសមត្ថកិច្ចខិលខូចមួយចំនួននៅកម្ពុជា យកលុយជួលកម្មករបងប្អូនជនជាតិកាប់ អារក្នុងព្រៃសហគមន៍ភូមិបាដល នៅជិតមាត់ទន្លេសេសាន ដាក់កាណូត និងដឹកតាមម៉ូតូចូលទៅឲ្យឈ្មួញវៀតណាមនៅពេលយប់។
ទាក់ទិនទៅនឹងឈើឆ្លងកាត់តាមផ្លូវទឹកឆ្ពោះទៅវៀតណាមខាងលើនេះដែរ លោក ទួន មេសា មេប៉ុស្តិ៍នគរបាលការពារព្រំដែនភូមិភិក្រោម បានប្រាប់ឲ្យដឹងថា គ្មានករណីឈើឆ្លងកាត់ក្នុងភូមិសាស្ត្រលោកគ្រប់គ្រងទេ គឺបទបញ្ជារបស់លោកស្នងការ និងលោកមេវរការពារព្រំដែនគោកលេខ៦២៣ ហាមដាច់ខាតមិនឲ្យមានករណីនេះទេ។
តែយ៉ាងណាក៏ដោយ គេត្រូវរង់ចាំក្រុមការងារដឹកនាំដោយលោក លន់ សុភាព និងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធសិន៕