(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានដឹកនាំប្រតិភូខេត្ត អាជ្ញាធរស្រុក តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងអាជ្ញាធរឃុំ នាំយកអំណោយរបស់រដ្ឋបាលខេត្ត និងសប្បុរសជន រួមទាំងអំណោយរបស់លោកផ្ទាល់ ប្រគល់ជូនដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិ គ្រប់បណ្ដាភូមិទាំងអស់ ក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីទុកប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
លោក ទៀ សីហា ក៏ជំរុញចាត់វិធានការការពានឹងការឆ្លងរីករាលដាលជំងឺ COVID-19 ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លង ពីភូមិមួយទៅភូមិមួយ ពីខេត្តមួយទៅខេត្តមួយ។ ស្ថិតក្នុងដំណាក់កាលនៃសកលលោកកំពុងកើតមានជម្ងឺកូវីដ១៩នេះ លោកក៏បានស្នើរឱ្យបងប្អូនទាំងអស់ត្រូវចេះ អំពីវិធីការពារការឆ្លងជម្ងឺកូវីដ១៩ គឺត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុល លាងដៃ ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ត្រូវចម្អិនសាច់ឬស៊ុតឲ្យបានឆ្អិនល្អ និងចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារៈការពារខ្លួន។
អំណោយដែលបានផ្តល់ជូនក្នុងមួយភូមិទទួលបានអង្ករ ៤០គីឡូក្រាម, មីចំនួន ១កេះធំ, ម៉ាស់ ១ប្រអប់ ស្មើនឹង ៥០ម៉ាស់, សាប៊ូលាងដៃ ១២ដុំ, និងថវិកា ១០ម៉ឺនរៀល។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១៣ មេសា លោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប ក៏បានដឹកនាំចុះចែកអំណោយដល់មេភូមិ អនុភូមិ និងសមាជិកភូមិចំនួន ៩៩ភូមិ នៃសង្កាត់ទាំង ១២នៅក្រុងសៀមរាប។ នៅថ្ងៃទី១៤-១៥ ខែមេសានេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ក៏បានដឹកនាំចុះទៅចែកអំណោយនៅស្រុកពួក សម្រាប់២៧ភូមិ មកពីឃុំដូនកែវ និងឃុំទឹកវិល ហើយនៅឯស្រុកបន្ទាយស្រី ក៏បានចែកជូនចំនួន៣ភូមិ គឺភូមិប្រិយ៍, ភូមិកោះជ្រុំ, និងភូមិបន្ទាយស្រី ជាមួយគ្នានោះដែរ លោក ពៅ ពីសិដ្ឋ អភិបាលរងខេត្ត ក៏បានចុះចែកអំណោយដល់ភូមិទាំងអស់ នៅស្រុកសូទ្រនិគមផងដែរ៕