(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវ សម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋ មានទីលំនៅនៅខេត្តស្វាយរៀង ដែលវិលត្រលប់មកពីប្រទេសថៃ តំណាងលោកអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ បានចុះពិនិត្យទីតាំងចត្តាឡីស័ក គោលដៅទី២ តាមផ្លូវជាតិលេខ១៣ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ជាប់ព្រំប្រទល់ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ លោក តូច ប៉ូលីវ៉ា បានថ្លែងផ្តាំផ្ញើរសាកសួរសុខទុកពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជូនដល់បងប្អូនពលករ ដែលទើបវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ នៅសាលាបឋមសិក្សាអណ្ដូងត្របែក និងសាលាបឋមសិក្សាកំរ៉ែង ស្ថិតនៅក្នុងឃុំអណ្ដូងត្របែក ស្រុករមាសហែក។
លើសពីនេះលោក តូច ប៉ូលីវ៉ា បានផ្ដោតសំខាន់ទៅលើការងារចត្តាឡីស័ក នៅដាច់ដោយឡែក១៤ថ្ងៃ តាមការស្ម័គ្រចិត្ត ដើម្បីតាមសុខភាព របស់បងប្អូនពលករ ការសម្អាតអនាម័យខ្លួនប្រាណ លាងដៃជាមួយសាប៊ូជាប្រចាំ ការហាត់ប្រាណបំបាត់ភាពអផ្សុក ហើយពលរដ្ឋត្រូវទ្រាំ ទៅព្រោះកន្លងមកធ្លាប់បានទៅធ្វើការចោលប្រពន្ធកូន ក្រុមគ្រួសារ រាប់ខែ រាប់ឆ្នាំបាន រឿងអីថាបងប្អូននៅដាច់ដោយឡែកតែ ១៤ថ្ងៃមិនបាន៕