(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំគណៈអភិបាល និងមន្ដ្រីរាជការ កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដើរតាមដងផ្លូវ និងធ្វើការចាក់មីក្រូផ្សព្វផ្សាយតាមរថយន្តពីវិធីបង្ការនៃការឆ្លងរីករាលដាល COVID-19 នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។
លោក ធឹម សំអាន ពេលកំពុងដើរផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលតាមមីក្រូនេះ ក៏បានណែនាំដល់ប្រជាពលរដ្ឋ បើមិនមានការចាំបាច់ទេ គួរគប្បីកុំធ្វើដំណើរចេញពីផ្ទះ ហើយត្រូវស្តាប់ការចាក់ផ្សព្វផ្សាយតាមមេក្រូ នៅក្នុងភូមិសង្កាត់នាសព្វថ្ងៃនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលឱ្យយើងចេះថែទាំសុខភាពឱ្យបានល្អ ដើម្បីទប់ស្កាត់ការឆ្លងមេរោគ COVID-19 គឺត្រូវរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកអភិបាលខណ្ឌបឹងកេងកង ក៏បានបន្ថែមឲ្យដឹងទៀតថា ដើម្បីចូលរួមបង្ការទប់ស្កាត់វីរុស COVID-19 នេះសូមឲ្យប្រជាពលរដ្ឋជឿជាក់ ដោយទុកចិត្តមកលើការដឹកនាំ និងធ្វើទៅតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ពីវិធានការក្នុងការការពារនៃការឆ្លងមេរោគកូវីដ ១៩នេះ។
ក្នុងឱកាសនោះដែរ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាត ដើម្បី ជៀសផុតនូវការឆ្លង និងការរីករាលដាល នៃវីរុស COVID-19 នេះ។
នាឱកាសនោះដែរលោកអភិបាលខណ្ឌ និងក្រុមការងារ បានបិទផ្ទាំងរូបភាពដោយស្ដីពីការ បង្ការ ទប់ស្កាត់ ដោយការពារមេរោគកូវីដ១៩ផងដែរ។ ដូចនេះយើងត្រូវចូលរួមបង្ការ និងទប់ស្កាត់ នៃការ រាលដាល នៃមេរោគ COVID-19។ ម្យ៉ាងវិញទៀត ត្រូវចេះសាមគ្គីជួយយកអាសារគ្នាទាំងក្នុងពេលមានគ្រោះភ័យនៃជំងឺឆ្លង COVID-19 ទាំងក្នុងពេលពុះពារឆ្លងកាត់ការលំបាក ដែលជាផលប៉ះពាល់នៃវិបត្តិ COVID-19 នេះ ទៅលើសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងសហគមន៍។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌបឹងកេងកង បានក្រើនរំលឹកជាថ្មីដល់បងប្អូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្ន និងការពារខ្លួនអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីគ្រួសារ និងសង្គមជាតិយើងទាំងមូលជៀសផុតពីជំងឺ COVID-19 មួយនេះ និងប្រទេសជាតិត្រលប់មករកសភាពដើម៕