(កំពង់ធំ)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកស្រី បាននាំយកអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតជនចាស់ជរា ជួបការលំបាក ចំនួន ៣៩គ្រួសារ ក្នុងភូមិដំរីជាន់ខ្លា ក្រុងស្ទឹងសែន ភូមិត្រពាំសិលា ភូមិវាលវែង និងភូមិប្រាសាទ ស្រុកប្រាសាទសំបូរ ក្នុងខេត្តកំពង់ធំ។
លោក សុខ លូ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ចូលរួមរក្សាអនាម័យខ្លួនឯងជានិច្ចត្រូវលាង ដៃនឹងសាប៊ូឱ្យបានស្អាត និងផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩។
លោកបានបន្តថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយៈពេលខ្លី ប្រសិនបើមានការខ្វះខាត ឬបញ្ហាផ្សេងៗ ត្រូវផ្តល់ដំណឹងមកមេឃុំ ឬសមាជិកភូមិ-ឃុំ ដើម្បីយើងមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់អាហារនោះទេ។
ម្យ៉ាងទៀតការនាំយកអំណោយចែកជូនចាស់ ជរាទីទ័លក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នាពេលនេះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ គឺយើងជួយពួកគាត់ក្នុងនាមមនុស្សធម៌ និងជាវប្បធម៌ នៃការចែករំលែកបានទាន់ពេលវេលាមិនទុកឱ្យពួកគាត់ខ្វះខាតដាច់ស្បៀងឡើយ។
ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពីចម្ងាយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពី សុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុក ឱ្យប្រជាពលរដ្ឋរបស់ណាម្នាក់ អត់ស្បៀងអាហារស្លាប់នោះទេ គឺត្រូវធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។
ជាចុងក្រោយលោក សុខ លូ ក៏បានចែកអំណោយជូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជនចាស់ជរា ជួបការលំបាក ចំនួន៣៩គ្រួសារ នៅក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ២៥គីឡូ ម៉ុង១ ភួយ ១ សារុង ១ ក្រម៉ា១ ត្រីខ ១ យួរ មី ១កេស និងសាប៊ូ ១ដុំ៕