(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ពីការគំរាមកំហែងដល់សន្តិសុខ សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ បន្ទាប់ពីការបាញ់សាកល្បងនុយក្លេអ៊ែរលើកទី៤ របស់កូរ៉េខាងជើង និងស្នើឲ្យប្រទេសកុម្មុយនីស្តមួយនេះ លុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ បានបាញ់សាកល្បងជាថ្មីម្តងទៀតនូវអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលទើបផលិតបានជោគជ័យ។ ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នាំឲ្យមានការប្រតិបត្តិកម្មយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចដូចជាអង់គ្លេស អាមេរិកជាដើម។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា «ការកើនឡើង នៃសកម្មភាពរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់»។
សេចក្តីថ្លែងការណ៍ បានអំពាវនាវដោយទទូចដល់ប្រទេសកូរ៉េខាងជើង ឲ្យគោរពតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធទាំងអស់ និងកាតព្វកិច្ចអន្តរជាតិ និងការប្តេជ្ញាចិត្តក្នុងការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕