(តាកែវ)៖ ក្រុមកម្មករ-កម្មការិនីកាត់ដេសម្លៀកបំពាក់ក្នុងរោងចក្រ ស្រុកទ្រាំង និងក្រុងដូនកែវ ចំនួន៣៣នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបណ្ដាលឲ្យរងបួសធ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិ លេខ២ ឃុំព្រៃស្លិក ស្រុកទ្រាំង ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគបាលខេត្តតាកែវ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយសារតែរថយន្តខូចការឡេ កាច់ចង្កូតមិនបាន ក៏បណ្ដាលឲ្យក្រឡាប់តែម្ដង នេះបើយើងតាមសម្ដីអ្នកបើកបររថយន្តបានប្រាប់សមត្ថកិច្ច។
លោកស្នងការខេត្តតាកែវ បានឱ្យដឹងទៀតថា ក្រោយកើតហេតុសមត្ថកិច្ចស្រុកទ្រាំងបានចុះទៅកន្លែងកើតហេតុភ្លាមៗ និងបានបញ្ជូនបងប្អូនកម្មករ ដែលរងរបួសទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តតាកែវ ដើម្បីសង្រ្គោះឲ្យបានទាន់ពេលវេលា។
គួបញ្ជាក់ផងដែរថា បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យកម្មករមួយចំនួនរងរបួសលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានចុះទៅសួរសុខទុក្ខបងប្អូន កម្មករ ដល់មន្ទីរពេទ្យ និងបាននាំយកសម្ភារៈ និងថវិការមួយចំនួនទៅចែកជូនបងប្អូនកម្មករផងដែរ៕