(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា និងលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទីម័រឡេស្តេប្រចាំកម្ពុជា បានសម្តែងនូវភាពរីករាយចំពោះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមក។
ការបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅក្នុងឱកាសដែល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យ លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទីម័រឡេស្តេប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនសារតាំង នៅវិមានព្រឹទ្ធសភា។
ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន សម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ចំពោះលោក Ermenegildo Kupa Lopes ដែលត្រូវបានលោកប្រធានាធិបតីទីម័រឡេស្តេ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោក Ermenegildo Kupa Lopes បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកបានចូលជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។ ឆ្លៀតឱកាសនោះ លោកឯកអគ្គរដ្ឋទូតបាននាំនូវការសួរសុខទុក្ខពីសំណាក់លោកប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជូនចំពោះសម្តេចប្រមុខរដ្ឋស្តីទី និងថ្នាក់ដឹកនាំកំពូលកម្ពុជាផងដែរ។
លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ លោកបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានក្លាយជាសមាជិកអាស៊ាននាពេលខាងមុខ។
ជាកិច្ចឆ្លើយតប សម្តេចប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរកន្លងទៅ។ សម្តេចមានជំនឿជឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងខិតខំពង្រឹងពង្រីកនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញអំពី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។ ទំនាក់ទំនងល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចមន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាលប្រទេសទាំងពីរ និងបានគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាពិសសនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតនៃនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
តាមរយៈលោកឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានផ្តាំផ្ញើនូវព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីគោរព និងសេចក្តីនឹករលឹកពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ៕