Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តកំពង់ធំ សម្រេចឃុំខ្លួនបុរសម្នាក់ដែលបង្ហោះវីដេអូតាមបណ្ដាញសង្គម ញុះញង់ឲ្យប្រឆាំងបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 (Video inside)

15-04-2020 10:14

(កំពង់ធំ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ ដែលបានបង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok ញុះញង់ឲ្យប្រឆាំងនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលជំងឺ COVID-19។

មន្ដ្រីជាន់ខ្ពស់ នៃសាលាដំបូងខេត្តកំពង់ធំ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះថា ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទខាងលើ កាលពីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ក្រោយព្រះរាជអាជ្ញាចោទប្រកាន់ ពីបទ «ញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋជាអាទិ៍»។

ស្នងការនគរបាលខេត្ដកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានកម្លាំងនគរបាលរបស់លោកចាប់ខ្លួននេះ ឈ្មោះ លេខ សៀងលី អាយុ២១ឆ្នាំ មុខរបរកម្មករចាក់សាំង។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលពី លោក ស៉ិន វីរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

បុគ្គលរូបនេះ បានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ សេង ប៊ុនហ៊ត ស្ថិតនៅភូមិ ធន់ម៉ោង ឃុំ កំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានសំណូមពរដល់យុវជនគ្រប់ស្រទាប់វណ្ណ: សូមកុំប្រព្រឹត្តសកម្មភាព ញុះញង់ដែលធ្វើឲ្យមានភាពចលាចល និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសពីបញ្ហាសុខុមាលភាព ដែលប្រមុខរាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់ បង្ការ ទប់ស្កាត់ នៃជំងឺ COVID-19 ជាដើម៕