(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសលើកពេលឈប់សំរាកពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ ដោយឲ្យកម្មករនិយោជិកធ្វើការធម្មតា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រុមហ៊ុន China Railway Urban Construction Group Co. , Ltd (CRUCG) ជាក្រុមហ៊ុនអ្នកម៉ៅការឆ្នើមរបស់គម្រោង The Peak បានគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ។
ជាពិសេស បានផ្ដល់ថវិកាសម្រាប់លើកទឹកចិត្ដដល់ កម្មករ និងបុគ្គលិកដែលបានធ្វើការងារជាធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនេះជាការចូលរួមបង្ការ និងទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
លោក Luo Jiangbo ប្រធានផ្នែកគ្រប់គ្រងគម្រោងនៃក្រុមហ៊ុន China Railway Urban Construction Group Co. , Ltd (CRUCG) បានថ្លែងថា ក្រុមហ៊ុនបានលើកទឹកចិត្ដដល់កម្មករ ក៏ដូចជាបុគ្គលិកធ្វើការជាធម្មតានៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណជាតិខ្មែរ ដោយផ្ដល់ជាថវិកាលើកទឹកចិត្តជូនពួកគាត់។
លើសពីនោះ ក្រុមហ៊ុន CRUCG តែងតែណែនាំដល់កម្មករ និងបុគ្គលិក ពីការប្រកាន់ខ្ជាប់នូវអនាម័យជានិច្ចលាងដៃនឹងសាប៊ូ ពាក់ម៉ាស និងការរក្សាគម្លាតឲ្យឆ្លាតពីគ្នាយ៉ាងតិចជាងមួយម៉ែត្រ ដោយមិនត្រូវមានកម្មវិធីជួបជុំនោះឡើយ ដើម្បីការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
ទន្ទឹមនឹងនោះ នៅការដ្ឋានរាល់ថ្ងៃ ដើម្បីការពារសុវត្ថិភាពរបស់បុគ្គលិក មុនចូលធ្វើការវាស់កម្ដៅជាប្រចាំ ជាពិសេសមិនឱ្យមានការជួបជុំគ្នាច្រើន ស្របតាមសេចក្ដី ណែនាំ និងវិធានការ នានារបស់ក្រសួង សុខាភិបាលកម្ពុជា។
លោកថ្លែងបន្តបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនអ្នកម៉ៅការចម្បងថ្មី សម្រាប់គម្រោង The Peak នឹងខិតខំពន្លឿនការងារសាងសង់ សំណង់ ឱ្យបានរួចរាល់តាមការ គ្រោងទុកនៅ៕