(ភ្នំពេញ)៖ ដោយប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ និងមិនទាន់មានសញ្ញាថមថយផងនោះ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួន ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណៈកម្មាធិការ។ គិតមកត្រឹមថ្ងៃទី14 ខែមេសា ឆ្នាំ2020នេះ សមាជិកអាវុធហត្ថរាជធានីភ្នំពេញដែលបានចូលរួមបរិច្ចាគ គឺមានចំនួន២២៩នាក់ហើយ។

ការចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនរបស់អាវុធហត្ថរាជធានីភ្នំពេញយ៉ាងផុសផុលនាពេលនេះ គឺនាំមុខដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបរិច្ចាគបៀវត្សរ៍ផ្ទាល់ខ្លួនទាំងអស់ ស្មើនឹង ២,៨៦៥,០០រៀល (២លាន៨សែន៦ម៉ឺន៥ពាន់រៀល) ក្នុងមួយខែ រយៈពេល៧ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ និងអ្នកចូលរួមជាបន្តបន្ទាប់មានលោកឧត្តមសេនីយ៍​មេបញ្ជាការង លោកវរសេនីយ៍ នាយរងសេនាធិការដ្ឋាន នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ លោកអនុសេនីយ៍ជំនួយការ តាមការិយាល័យ មូលដ្ឋានខណ្ឌ និងនាយទាហាន នាយទាហានរង ពលទាហាន តាមបណ្តាការិយាល័យនិងកងឯកភាពចំណុះ​ជាច្រើនរយរូប ដោយក្នុងនោះ មានអ្នកបរិច្ចាគប្រាក់បៀវត្សរ៍គោលទាំងអស់ មានអ្នកបរិច្ចាគមួយចំនួនខ្លះនៃប្រាក់បៀវត្សរ៍ រយៈពេល ៨ខែ, ៧ខែ, ៦ខែ, ៥ខែ, ៤ខែ និង១ខែផងដែរ។

ក្រៅពីការចូលរួមបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះ អាវុធហត្ថរាជធានីភ្នំពេញក៏បានចូលរួមយ៉ាងសកម្មអនុវត្តនូវ​រាល់បទបញ្ជារាជ​រដ្ឋាភិបាល សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារជំងឺឆ្លង ព្រមទាំងបានចូលរួមជាមួយអជ្ញាធរមូលដ្ឋាន​ស្ថាប័នពាក់ព័ន្ធគ្រប់​លំដាប់ថ្នាក់ ធ្វើការផ្សព្វផ្សាយ នូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់មហាជនប្រជាជនតាមបណ្តាភូមិសង្កាត់គ្រប់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ តាមរយៈរៀបចំម៉ូតូង់បីចំនួន១២គ្រឿង បំពាក់ដោយគ្រឿងបំពងឃោសនៈស័ព្ទ ចុះផ្សព្វផ្សាយរាល់ថ្ងៃ៕