(ភ្នំពេញ)៖ បណ្តាប្រទេសអាស៊ានទាំង១០ បានដាក់ចេញនូវវិធានការថ្មីទៀត ក្នុងការលើកបង្កើនទំនុកចិត្ត និងរក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈគោលនយោបាយជំរុញសេដ្ឋកិច្ច ផ្តល់ជំនួយដល់ប្រជាជន និងធុរជន ដែលទទួលរងផលប៉ះពាល់ ពីជំងឺកូវីដ-១៩។
វិធានការនេះ បានដាក់ចេញតាមរយៈសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពីជំងឺកូវីដ ដែលបានរៀបចំឡើងតាមប្រព័ន្ធវីដេអូអនឡាញ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
អាស៊ានបានបញ្ជាក់ជាថ្មីការប្តេជ្ញាចិត្តក្នុងការចាត់វិធានការរួម និងសម្របសម្រួលគោលនយោបាយដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គម ដែលបណ្ដាលមកពីជំងឺរាតត្បាតនេះ គាំពារសុខុមាលភាពប្រជាជន និងធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថិរភាពសេដ្ឋកិច្ច-សង្គម។
អាស៊ានក៏បានបន្តប្តេជ្ញាបើកចំហទីផ្សារអាស៊ានសម្រាប់វិស័យពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជំរុញកិច្ច សហប្រតិបត្តិការជាមួយសមាជិកអាស៊ាន និងដៃគូសន្ទនាអាស៊ាន សំដៅធានាឱ្យបាននូវសន្តិសុខស្បៀង ព្រមទាំងពង្រឹងភាពរឹងមាំ និងនិរន្តរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេស គ្រឿងឧបភោគបរិភោគ ទំនិញ ថ្នាំពេទ្យ និងគ្រឿងបរិក្ខារពេទ្យសំខាន់ៗផងដែរ។
មេដឹកនាំអាស៊ានបានលើកទឹកចិត្តឱ្យមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីសំណាក់ដៃគូអាស៊ាន សំដៅសម្រប សម្រួលកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលរួមមាន ការស្នើបង្កើត «មូលនិធិ ឆ្លើយតបអាស៊ានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» ផងដែរ។
បណ្តាមេដឹកនាំអាស៊ានទាំងអស់ បានប្តេជ្ញារក្សាការរួបរួមគ្នាក្នុងការតាមដានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងធ្វើការឱ្យជិតស្និទ្ធជាមួយ អង្គការសុខភាពពិភពលោក ដៃគូខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ សំដៅទប់ស្កាត់ ការរីករាលដាលនៃជំងឺរាតត្បាតនេះ ការពារសុខុមាលភាព និងជីវភាពប្រជាជនរក្សាស្ថិរភាព សេដ្ឋកិច្ច និងសង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តគាំពារគោលដៅកសាងសហគមន៍អាស៊ានឱ្យបាន គង់វង្សសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនប្រកបដោយបរិយាប័ន្ន ជាពិសេស គឺការមិនបោះបង់អ្នកណាម្នាក់ចោលឡើយ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសសមាជិកអាស៊ានទាំង១០ មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រមាណជាង២ម៉ឺននាក់ ក្នុងនោះ មនុស្សប្រមាណ៨៤៥នាក់បានស្លាប់បាត់បង់ជីវិត។ គិតត្រឹមថ្ងៃទី១៤ ខែមេសានេះ កម្ពុជាមានអ្នកឆ្លង ១២២ករណី, វៀតណាម ២៦៥ករណី, ថៃ ២៥៧៩នាក់ (ស្លាប់៤០នាក់), ឥណ្ឌូនេស៊ី ឆ្លង៤៥៥៧នាក់ (ស្លាប់៣៩៩នាក់), ម៉ាឡេស៊ី ៤៨១៧នាក់ (ស្លាប់៧៧នាក់), ហ្វីលីពីន ឆ្លង៤៩៣២នាក់ (ស្លាប់៣១៥នាក់), សិង្ហបុរីឆ្លង ២៩១៨ (ស្លាប់៩នាក់), មីយ៉ាន់ម៉ា ឆ្លង៦២នាក់ (ស្លាប់ ៤នាក់), ឡាវ ឆ្លង១៩នាក់ និងប្រុយណេ ឆ្លង១៣៦នាក់ (ស្លាប់១នាក់)៕