(ភ្នំពេញ)៖ ទំហំវិនិយោគលើវិស័យសំណង់នៅកម្ពុជានាឆ្នាំ២០១៥កន្លងទៅនេះ មានជិត ៣៥០០លានដុល្លារអាមេរិក កើនឡើង ប្រមាណ ៣០ភាគរយ បើធៀបនិងឆ្នាំ២០១៤ ដែលមានប្រមាណ ២៥០០លានដុល្លារប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងដែនដី និង នគរូបនីយកម្ម លោក សេង ឡូត បានប្រាប់ Fresh News នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៦នេះថា គម្រោងវិនិយោគលើវិស័យសំណង់នៅឆ្នាំ២០១៥ មានជិត ២៥០០គម្រោង មានផ្ទៃសរុបប្រមាណ ៧,៧លានម៉ែត្រក្រឡា។
លោក សេង ឡូត បានថ្លែងឲ្យដឹងទៀតថា ក្នុងគម្រោងវិនិយោគនេះ អគារ ដែលមានកម្ពស់ចាប់ពី ៥ជាន់ រហូតដល់ ៥៥ជាន់ មានប្រមាណ ៧០០អគារ។ លោកបានបន្តថា វិស័យសំណង់មានការរីកចម្រើនខ្លាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល សៀម រាប ព្រះសីហនុ និងខេត្តបាត់ដំបងផងដែរ។
អ្នកនាំពាក្យរូបនេះ បានមើលឃើញថា សន្ទុះលើវិស័យសំណង់បានហក់ឡើងខ្លាំងនៅក្នុងឆ្នាំ២០១៥។ ការហក់ឡើងខ្លាំងនេះ ក៏ ដោយសារក្រុមអ្នកវិនិយោគ មានភាពជឿជាក់ទៅលើស្ថេរភាពនយោបាយ ស្ថេរភាពសង្គម ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដឹក នាំដោយសម្តេចតេជោ ហ៊ុន សែន ដែលមានក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំលោកទេសរដ្ឋមន្រ្តី អឹម ឈុនលឹម ជាសេនាធិការនេះ បានយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យឯកជនក្នុងវិស័យសំណង់។
បើតាមលោក សេង ឡូត ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានប្រឹងប្រែងសម្រួលនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិ យុត្តពាក់ព័ន្ធវិស័យសំណង់ជាច្រើនផងដែរ ដើម្បីឆ្លើយតបតាមស្ថានភាព និងកំណើន នៃការវិនិយោគ។
ក្នុងគម្រោងវិនិយោគប្រមាណ ២៥០០គម្រោងនាឆ្នាំ២០១៥ ក៏មានគម្រោង ដែលវិនិយោគដោយជនបរទេសជាច្រើនផងដែរ ជា ពិសេសអ្នកវិនិយោគជាជនជាតិចិន៕