(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានក្រុមហ៊ុនផលិតទឹកស្អាតនៅស្រុកព្រៃនប់ថា នឹងរុះរើលែងឲ្យធ្វើអាជីវកម្មប្រសិនណាឆ្នាំក្រោយនៅតែបង្កឲ្យមានបញ្ហាខ្វះខាតទឹក ស្អាតប្រើប្រាស់ដដែលៗ។
ការព្រមាននេះ បានធ្វើឡើងក្នុងឱកាសលោកអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យដោះស្រាយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ នៅស្រុកព្រៃនប់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
លោក គួច ចំរើន បានណែនាំក្រុមហ៊ុនផលិតទឹកស្អាតពង្រីកអាងទឹកឲ្យធំ និងជ្រៅជាងមុនដើម្បីរក្សាទឹកបានច្រើន ធានាការប្រើប្រាស់គ្រន់គ្រាន់ ព្រមទាំងបានណែនាំឲ្យក្រុមហ៊ុន ត្រូវសហការជាមួយ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរឧស្សាហកម្ម សិប្បកម្ម មន្ទីរធនធានទឹកផងដែរ ដើម្បីធ្វើកិច្ចការនេះឲ្យបានប្រសិទ្ធិផល។ ទន្ទឹមនេះ ក៏បានព្រមានរុះរើលែងឲ្យធ្វើអាជីវកម្ម ប្រសិនណាឆ្នាំក្រោយ នៅតែមានបញ្ហាខ្វះខាតដដែលៗដូច្នេះទៀត បើទោះជាមានអាជ្ញាប័ណ្ណពីក្រសួងក៏ដោយ ហើយថ្លែងថា បើនៅតែធ្វើមិនកើតទុកឲ្យក្រុមហ៊ុនអានកូធ្វើម្តង។
សូមបញ្ជាក់នៅស្រុកព្រៃនប់ មានក្រុមហ៊ុនផលិតទឹកស្អាតលក់ចំនួន២ រួមមាន៖
*ទី១៖ នៅមូលដ្ឋានឃុំព្រៃនប់
*ទី២៖ នៅទីប្រជុំជនឃុំវាលរេញដែលកំពុងប្រឈមកង្វះទឹកស្អាតប្រើ។
លោក ខូវ ថានិត មេឃុំវាលរេញ ឲ្យដឹងថា ប្រជាជនក្នុងឃុំរបស់គាត់បានជួបបញ្ហាខ្វះទឹកស្អាតប្រើតាំងពីសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ។ លោកប្រាប់ថា រឿងនេះកន្លងមក អភិបាលខេត្តព្រះសីហនុ ធ្លាប់បានចុះសម្របសម្រួលដោយតម្រូវឲ្យក្រុមហ៊ុនទាំងពីរនេះចែករំលែកទឹកឲ្យប្រជាជនបានប្រើប្រាស់សិន។
សូមបញ្ជាក់ថា លោកអភិបាលខេត្តព្រះសីហនុ ក៏បានចុះពិនិត្យមើលស្ថានភាពនៃការប្រើប្រាស់ទឹកនៅតាមផ្ទះប្រជាជន និងចុះពិនិត្យអាងស្តុកទឹកផងដែរ ខណៈគ្រឿងចក្រកំពុងបន្តកាយ ស្តាររាល់ថ្ងៃ។ ក្រោយបញ្ចប់ការងារទឹកស្អាត លោកបាន អញ្ជើញទៅពិនិត្យ និងសួរសុខទុក្ខមន្ត្រីនៅគោលដៅប្រចាំការព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ព្រមទាំងផ្តល់ការឧបត្ថម្ភម្នាក់ ៥០,០០០រៀល៕