(ភ្នំពេញ)៖ បើទោះបីជាពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំនេះ មិនប្រារព្ធធ្វើជាទ្រង់ទ្រាយធំ តែអាចរៀបចំទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួនបាន ដើម្បីកាត់បន្ថយការជួបជុំនិងការប្រមូលផ្តុំ ចៀសផុតពីការឆ្លងវីរុសកូវីដ១៩។
ឆ្លៀតក្នុងឱកាសនេះ តំណាងស្រាបៀរ កម្ពុជា បានផ្ញើសារជូនពរពលរដ្ឋខ្មែរសម្រាប់បុណ្យចូលឆ្នាំថ្មី ដែលនឹងប្រារព្ធធ្វើពីថ្ងៃទី១៣ដល់១៦ ខែមេសានេះ។
លោកលាង ពៅ ( ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ការរក្សាសុវត្ថិភាព និងសុខភាពជាកត្តាចម្បងសម្រាប់ពេលនេះ។ ដូច្នេះសម្រាប់ឆ្នាំថ្មី ឆ្នាំជូត ខ្ញុំសូមបួងសួងទេវតាឆ្នាំថ្មីជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ជូនដល់ពលរដ្ឋខ្មែរយើងទាំងអស់ ឱ្យរកទទួលទានមានបាន ឆ្លងផុតពេលវេលាដ៏លំបាកនានា ជាពិសេសពេលនេះ ដែលទូទាំងពិភពលោកត្រូវបានយាយីពីវីរុសកូវីដ១៩។ សូមប្រជាពលរដ្ឋខ្មែរចៀសផុតពីរឿងអកុសលទាំងឡាយចាប់ពីឆ្នាំថ្មីនេះតទៅ»។
លោកបន្តថា៖ «ដើម្បីគេចផុតពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ តោងប្រជាជនខ្មែរយើងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយចៀសវាងការជួបជុំ មិនត្រូវចេញក្រៅបើមិនចាំបាច់ លាងសម្អាតដៃឱ្យបានញឹកញាប់ និងសូមតាមដានការវិវឌ្ឍថ្មីៗពីរដ្ឋាភិបាលយើងទាំងអស់គ្នា។ នៅផ្ទះទាំងអស់គ្នាដើម្បីខ្លួនឯង និងមនុស្សជាទីស្រលាញ់»៕